ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) លើកទី២០ តាមរយៈប្រព័ន្ធ Zoom

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃព្រហស្បតិ៍ ១៥កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្ដម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ប្រធានក្រុមប្រឹក្សា អភិបាលក្រុង ស្រុក និងប្រធានមន្ទីរពាក់ព័ន្ធមួយចំនួន បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) លើកទី២០ តាមរយៈប្រព័ន្ធ Zoom ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី និងជាប្រធាន គ.ជ.អ.ប.។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធានអង្គភាព និងមន្រ្តីជាន់ខ្ពស់នៃក្រសួង ស្ថាប័នពាក់ព័ន្ធ ចំណុះគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបេត្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.)។

សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី និងជាប្រធាន គ.ជ.អ.ប. បានមានប្រសាសន៍ថាកិច្ចប្រជុំលើកទី២០ របស់ គ.ជ.អ.ប. នាពេលនេះ ក្នុងគោលបំណងពិនិត្យវឌ្ឍនភាព បញ្ហាប្រឈម និងពិភាក្សាសេចក្តីព្រាងឯកសារសំខាន់ៗមួយចំនួនរួមមាន ផែនការអនុវត្ត៥ឆ្នាំ ដំណាក់កាលទី១ ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ សេចក្តីព្រាងច្បាប់ចំនួន៣ គឺច្បាប់តំបន់ការពារធម្មជាតិ ច្បាប់ព្រៃឈើ និងច្បាប់ជលផល និងបញ្ហាផ្សេងៗមួយចំនួនទៀត។

សម្ដេច បានគូសបញ្ជាក់ជូនអង្គប្រជុំថាកម្មវិធីជាតិដំណាក់កាលទី២ ជាផែនទីបង្ហាញផ្លូវដ៏ច្បាស់លាស់មួយសម្រាប់បន្ត និងជំរុញការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជាឱ្យកាន់តែស៊ីជម្រៅ តាមរយៈការពិនិត្យមើលឡើងវិញនូវរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និងការបែងចែកមុខងារ សិទ្ធិអំណាច តួនាទី ភារកិច្ច និងការទទួលខុសត្រូវឱ្យកាន់តែមានភាពច្បាស់លាស់រវាងក្រសួង ស្ថាប័ននៅថ្នាក់ជាតិជាមួយនឹងរដ្ឋបាលថ្នាក់ក្រោមជាតិ និងក្នុងចំណោមរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ។

សម្ដេច បានបន្តថាគោលបំណងសំខាន់នៃការបែងចែកឡើងវិញនូវមុខងារ សិទ្ធិអំណាច តួនាទី ភារកិច្ច និង ការទទួលខុសត្រូវក្នុងចំណោមស្ថាប័នសាធារណៈទាំងនេះ គឺដើម្បីធានាដល់ការលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពសេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានស្របតាមគោលការណ៍អភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យសំដៅចូលរួមចំណែកលុបបំបាត់ភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋប្រកបដោយបរិយាប័ន្ន យុត្តិធម៌ និងសមធម៌សង្គម ៕