ព័ត៌មានអន្តរជាតិ

រុស្ស៊ីបង្ខំចិត្តស្នើសុំវត្ថុធាតុដើមជាច្រើនពីឥណ្ឌាដើម្បីទប់ឧស្សាហកម្មសំខាន់ៗរបស់ខ្លួន បន្ទាប់ពីរងសម្ពាធទណ្ឌកម្មពីអន្តរជាតិ

(ញូដេលី)៖ តាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកានេះបានឲ្យដឹងថា រដ្ឋាភិបាលទីក្រុងមូស្គូបានដាក់សំណើទៅកាន់​ រដ្ឋាភិបាលឥណ្ឌាសម្រាប់ការផ្តល់ទំនិញជាវត្ថុធាតុដើមច្រើនជាង៥០០មុខ ដែលក្នុងនោះរួមមានទាំងគ្រឿងបរិក្ខារថយន្ត, យន្តហោះ និងរថភ្លើងផងដែរ ខណៈដែលទណ្ឌកម្មពីសំណាក់អន្តរជាតិជុំវិញសង្រ្គាមនៅអ៊ុយក្រែនបាននិងកំពុងបន្តរឹតត្បិតសមត្ថភាពរបស់រុស្ស៊ីក្នុងការបន្តរក្សាដំណើរការនៃឧស្សាហកម្មសំខាន់ៗរបស់ខ្លួន។

បញ្ជីទំនិញក្នុងសំណើរបស់រុស្ស៊ីដែលបានផ្ញើទៅកាន់រដ្ឋាភិបាលទីក្រុងញូវដេលី ដែលទីភ្នាក់ងារសារព័ត៌មាន Reuters ទទួលបាន គឺមានលក្ខណៈជាបញ្ជីបណ្តោះអាសន្ន ខណៈដែលវាមិនបានបញ្ជាក់​ច្បាស់ទេថា តើផលិតផលប៉ុន្មានមុខក្នុងចំណោមនោះនឹងត្រូវបាននាំចេញទៅកាន់រុស្ស៊ី ហើយនឹងត្រូវនាំចេញក្នុងចំនួនប៉ុន្មានក្នុងមួយមុខៗនោះទេ ប៉ុន្តែប្រភពមួយពីរដ្ឋាភិបាលឥណ្ឌា បាននិយាយថា ទំហំនៃសំណើនេះគឺមិនមែនធម្មតានោះទេ។ ប្រភពដដែលបានអះអាងថា ឥណ្ឌាចង់បង្កើនការធ្វើពាណិជ្ជកម្មតាមរបៀបនេះ ដើម្បីព្យាយាមបង្រួមគម្លាតឱនភាពពាណិជ្ជកម្មជាមួយរុស្ស៊ីដែលកំពុងមានការកើនឡើង ប៉ុន្តែក្រុមហ៊ុនឥណ្ឌាមួយចំនួនបានបង្ហាញក្តីបារម្ភ អំពីហានិភ័យនៃការជាប់ទណ្ឌកម្មរបស់លោកខាងលិច។

ដោយឡែក ប្រភពពីវិស័យឧស្សាហកម្មនៅទីក្រុងមូស្គូ បានបង្ហើបឱ្យដឹងថា ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មរុស្ស៊ីបានស្នើឱ្យ​ក្រុមហ៊ុនធំៗរបស់រុស្ស៊ី ផ្តល់ជាបញ្ជីនៃវត្ថុធាតុដើមនិងសម្ភារនានា ដែលពួកគេត្រូវការ ប៉ុន្តែនឹងចាំបាច់ឱ្យមានកិច្ចពិភាក្សាបន្ថែម ដើម្បីព្រមព្រៀងជុំវិញប្រភេទនិងបរិមាណវត្ថុធាតុដើមទាំងនោះនោះទេ ហើយ សំណើផ្គត់ផ្គង់ផលិតផលទាំងនោះ មិនមែនត្រូវបានស្នើទៅកាន់តែប្រទេសឥណ្ឌានោះឡើយ។

ដោយឡែក ប្រភពពីរទៀតពីខាងឥណ្ឌាបានអះអាងថា ការស្នើសុំរបស់រុស្ស៊ីត្រូវបានធ្វើឡើងតាំងតែពីប៉ុន្មានសប្តាហ៍កន្លងទៅមកម៉្លេះ ពោលគឺមុនពេលដំណើរ​ទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសឥណ្ឌា លោក ស៊ូប្រាម៉ានយ៉ាម ចៃសានកា (Subrahmanyam Jaishankar) នៅទីក្រុងមូស្គូ កាលពីថ្ងៃទី០៧ ខែវិច្ឆិកាទៅទៀត។ យ៉ាងណាមិញ ប្រភពខាងបានឲ្យដឹងថា គេមិនច្បាស់ទេថា តើឥណ្ឌាបានឆ្លើយតបបែបណាប្រាប់រុស្ស៊ីក្នុងអំឡុងដំណើរទស្សនកិច្ចនោះទេ។

គួរបញ្ជាក់ជូនថា តាំងពីដើមមក ទីក្រុងញូដេលីមិនបានចូលរួមជាមួយក្រុមប្រទេសលោកខាងលិច ក្នុងការរិះគន់ដោយបើកចំហទៅលើទីក្រុងមូស្គូជុំវិញសង្រ្គាមឈ្លានពាននៅអ៊ុយក្រែនឡើយ ហើយថែមទាំងបានបង្កើនការទិញប្រេងពីរុស្ស៊ីទៀតផង ដែលប្រការនេះបានជួយទីក្រុងមូស្គូ ក្នុងការសម្រាលបន្ទុកខ្លះពីផលប៉ះពាល់នៃទណ្ឌកម្មរបស់លោកខាងលិច៕

ប្រភព៖ Reuters, FN