ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

នគរបាលក្រុងពោធិ៍សាត់ ឃាត់ខ្លួនក្មេងទំនើង០២នាក់ ធ្វើសកម្មភាពជិះម៉ូតូដេញកាប់ទៅលើអ្នកដទៃ

ពោធិ៍សាត់៖  សមត្ថកិច្ចនគរបាលអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានឃាត់ខ្លួនក្មេងទំនើងចំនួន០២នាក់ក្នុងចំណោមបក្សពួក០៦នាក់ ក្រោយធ្វើសកម្មភាពជិះម៉ូតូដេញកាប់ទៅលើអ្នកដទៃ ដែលមកពីលេងកំសាន្តនៅបូជានីយដ្ឋានកោះសំពៅមាស ហេតុការណ៍នេះកើតឡើងនៅលើផ្លូវលេខ១០១ ត្រង់ចំណុចមុខ អធិការដ្ឋានគរបាលក្រុងពោធិ៍សាត់ ស្ថិតនៅភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង២២និង៤០នាទី ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២

លោកវរសេនីយ៍ទោ សុខ មេសា អធិការរង នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានប្រាប់ឲ្យដឹងថា ដោយឃើញហេតុការណ៍ក្មេងទំនើងមួយក្រុមមានគ្នាចំនួន០៦នាក់ មានដាវនិងកាំបិត បានជិះម៉ូតូដេញកាប់ទៅលើក្មេងស្រីប្រុស ដែលទើបជិះម៉ូតូចេញពីលេងកំសាន្តនៅលើកោះសំពៅមាស ភ្លាមៗនោះកម្លាំងអន្តរាគមន៍នគរបាលក្រុង បានចេញតាមបង្ក្រាបបានជនសង្ស័យចំនួន០២នាក់និងម៉ូតូ០១គ្រឿង នៅលើផ្លូវជាតិលេខ៥ ចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលរលាប ស្ថិតនៅភូមិព្រៃឪម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ខេត្តពោធិ៍សាត់ ក្មេងទំនើងដែលជាជនបង្កទី១ឈ្មោះ ទី តូច ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ។

ទី២ឈ្មោះ សុះ ហៀក ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរនៅផ្ទះ អ្នកទាំងពីរស់នៅភូមិផ្ទះព្រីង ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់

លោកអធិការរងបានបន្តថា ក្នុងហេតុការណ៍នេះដែរ ក្រុមក្មេងទំនើងខាងលើ បានកាប់ទៅលើជនរងគ្រោះឈ្មោះ ប៊ុន ថនសុធីមភេទប្រុស អាយុ១៦ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិចេកចៅ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវមួយកាំបិតចំខ្នង បណ្តាលអោយរងរបួសស្រាល

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងខាងលេី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់