ព័ត៌មានអន្តរជាតិ

រុស្ស៊ីប្រកាសថាផ្កាយរណបពាណិជ្ជកម្មរបស់លោកខាងលិចអាចនឹងក្លាយជាគោលដៅវាយប្រហារ ប្រសិនបើមានជាប់ពាក់ព័ន្ធក្នុងសង្រ្គាមនៅអ៊ុយក្រែន

(មូស្គូ)៖ តាមការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់មួយរូបនៃក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា ផ្កាយរណបពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច អាចក្លាយជាគោលដៅវាយប្រហារដោយស្របច្បាប់សម្រាប់រុស្ស៊ី ប្រសិនបើពួកវាត្រូវបានប្រើប្រាស់ ក្នុងសង្គ្រាមនៅអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RT នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ឆ្នាំ២០២២។

ថ្លែងនៅឯអង្គការសហប្រជាជាតិ លោក កុនស្តែនទីន វ៉ូរ៉ុនសូវ (Konstantin Vorontsov) អនុប្រធាននាយកដ្ឋានសម្រាប់ការមិនរីកសាយភាយ និងការគ្រប់គ្រងអាវុធ របស់ក្រសួងការបរទេសរុស្ស៊ីបានគូសបញ្ជាក់ថា «ហេដ្ឋារចនាសម្ព័ន្ធពាក់កណ្តាលស៊ីវិល អាចជាគោលដៅស្របច្បាប់សម្រាប់ការវាយប្រហារសងសឹក។ យើងចង់សំដៅទៅលើការចូលរួមនៃហេដ្ឋារចនាសម្ព័ន្ធអវកាសស៊ីវិល ដែលរួមទាំងផ្នែកពាណិជ្ជកម្មផងដែរ ពីសំណាក់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន នៅក្នុងជម្លោះប្រដាប់អាវុធនេះ»

គួរបញ្ជាក់ថា គិតមកទល់ពេលនេះ សង្រ្គាមនៅអ៊ុយក្រែនបានសម្លាប់មនុស្សរាប់ម៉ឺននាក់ និងបានបង្កឲ្យមានផលប៉ះពាល់ដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចសកលក្រោយវិបត្តិជំងឺកូវីដ-១៩ ហើយក៏បានបង្កឲ្យមានការប្រឈមមុខដាក់គ្នាយ៉ាងធ្ងន់ធ្ងរមិនធ្លាប់មាន រវាងរុស្ស៊ីនិងបណ្តាប្រទេសលោកខាងលិចគិតចាប់តាំងពីវិបត្តិមីស៊ីលគុយបាឆ្នាំ១៩៦២មក៕

ប្រភព៖ RT, FN