រដ្ឋបាលរាជធានី-ខេត្ត

លោកជំទាវ បាន ស្រីមុំ អនុញ្ញាតអោយក្រុមការងារគណៈមេធាវីកម្ពុជាប្រចាំខេត្តប៉ៃលិន ចូលជួបសម្តែងការគួរសម

ប៉ៃលិន៖ នៅសាលាខេត្ត ប៉ៃលិនរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវបាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត បានអនុញ្ញាតអោយក្រុមការងារគណៈមេធាវីកម្ពុជាប្រចាំរដ្ឋបាលខេត្តប៉ៃលិន ដែលដឹកនាំដោយលោក ប៉ាង វុទ្ធី ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថ្លែងអំណគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី ដែលបានស្នើដល់គណៈមេធាវីកម្ពុជា ជួយពង្រាយមេធាវីទៅតាមបណ្តាខេត្ត និងទីជនបទ ដើម្បីជួយការពារក្តីដល់ប្រជាពលរដ្ឋមានជីវភាពក្រីក្រ មិនមានលទ្ធភាពជួលមេធាវីការពារ ឬមិនសូវយល់ពីបញ្ហាផ្លូវច្បាប់ ហើយបច្ចុប្បន្នគណៈមេធាវីកម្ពុជាបានកំពុងធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួងយុត្តិធម៌ ដើម្បីជួយដល់ពលរដ្ឋក្រីក្រ ក៍ដូចជារៀបចំប្រព័ន្ធទិន្នន័យ តាមដានករណីនីមួយៗផងដែរ

លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍សង្ឃឹមយ៉ាងមុតមាំថា៖ ក្រុមការងារគណៈមេធាវីកម្ពុជាប្រចាំរដ្ឋបាល ខេត្តប៉ៃលិន នឹងជួយផ្នែកការងារផ្លូវច្បាប់ដល់រដ្ឋបាលខេត្ត ជាពិសេសជួយការពារក្តីជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ មិនមានលទ្ធភាពជួលមេធាវីការពារ ឬមិនសូវយល់ពីបញ្ហាផ្លូវច្បាប់ ដើម្បីរកយុត្តិធម៌ជូនដល់ពួកគាត់ ស្របទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា

លោក ប៉ាង វុទ្ធី គណៈមេធាវីកម្ពុជាប្រចាំរដ្ឋបាលខេត្តប៉ៃលិន បានថ្លែងអំណរគុណចំពោះ ឯកឧត្តមប្រធាន ក្រុម ប្រឹក្សាខេត្ត និងលោកជំទាវអភិបាលខេត្ត ដែលបានទទួលស្វាគមន៍ យ៉ាងកក់ក្តៅចំពោះក្រុមការងារគណៈមេធាវីកម្ពុជា ប្រចាំរដ្ឋបាលខេត្តប៉ៃលិនមកជួបសម្តែងការគួរសម និងជំរាបជូន អំពីការកែទម្រង់យ៉ាងច្រើន របស់គណៈមេធាវីកម្ពុជា ដើម្បីធ្វើយ៉ាងណាឲ្យសមស្របទៅតាមបរិបទនៅកម្ពុជាផង និងអន្តរជាតិ នាពេលបច្ចុប្បន្នផង ហើយក៍បានបង្រៀនមេធាវីកម្ពុជា នូវបច្ចេកទេសការពារក្ដីផងដែរ

បើយោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃ លេខ ៥០៨៦.ប្រក ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ ដែលចុះហត្ថលេខាដោយ សម្តេចក្រឡាហោម ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួល ស្គាល់សមាសភាព ក្រុម មេធាវីប្រចាំរដ្ឋបាលខេត្តប៉ៃលិន ចំនួន ០២រូប ទី១មេធាវី ប៉ាង វុទ្ធី អត្តលេខ ១២០១ និងទី២មេធាវី កង តារាវុធ អត្តលេខ ១៥៥៧