រដ្ឋបាលរាជធានី-ខេត្ត

ទោះជាបន្ទាយមានជ័យទឹកជំនន់ តែសត្វគោ ក្របី ប្រជាកសិករមានសុខភាពល្អ  គ្មានជម្ងឺឆ្លង ឯការចិញ្ចឹមសត្វកើនឡើង

បន្ទាយមានជ័យ ៖ ថ្ងៃសៅរ៍ ១២ រោច ខែអស្សុជ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ មន្ត្រីជំនាញបសុព្យាបាល  អាជ្ញាធរដែនដីនិងកសិករថា អំឡុងពេលនិងក្រោយទឹកជំនន់នៅខេត្តបន្ទាយមានជ័យ កន្លងមក សត្វគោក្របីមានស្ថានភាពសុខភាពល្អ  គ្មានជម្ងឺឆ្លងទេ ដោយសារបានចាក់វ៉ាក់សាំងបង្កាការពារមុន។ នេះបើតាមមន្ត្រី​ជំនាញក៏ដូចជាកសិករអោយដឹងកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ ក្នុងកម្មវិធីយុទ្ធនាការចាក់វ៉ាក់សាំងការពារជម្ងឺឆ្លងនិងបានចុះតាមដានស្ថានភាពសុខភាពក៏ដូចជាជម្រុញផលិតកម្មសត្វនៅឃុំឈ្នួរមានជ័យនិងឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលដឹកនាំដោយឯកឧត្តម  តាន់  ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ។ ក្នុងនោះ មានសត្វគោ ក្របី៣០០ក្បាល ចាក់នៅនឹងកន្លែង និងជាង៧០០ក្បាលទៀត ចាក់នៅតាមក្រោល  រោងឬផ្ទះ ។

លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យ បា​​នបញ្ជាក់ថា ៖ នៅក្នុងខេត្តបន្ទាយមានជ័យ សកម្មភាពចិញ្ចឹមសត្វគោ ក្របីបែបផលិតកម្មជាលក្ខណ:គ្រួ​សារនិងលក្ខណ:កសិដ្ឋានកាន់តែផុលផុសរីកចម្រើនកើនឡើង ។ក្នុងនោះ ក្រោមកិច្ចជ្រោមជ្រែងពីមន្ត្រីជំនាញផលិតកម្មនិងបសុព្យបាលខេត្ត ស្រុក-ក្រុងនិងភ្នាក់ងារពេទ្យសត្វភូមិ  កសិករម្ចាស់សត្វកាន់តែយល់ដឹងក្នុងការចិញ្ចឹមសត្វដែលបញ្ជៀសជម្ងឺនិងបង្កើនផលដើម្បីរកចំណូលក្នុងជីវភាព។

លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យក៏បានលើកឡើងថា ៖ យោងទិន្ន័យមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ គឺមន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត បានចុះជម្រុញការងារផលិតកម្មសត្វគោ ក្របី ជ្រូក បក្សី គិតត្រឹម៩ខែឆ្នាំ២០២២ នេះ បានកើនឡើង១,៦%  ក្នុងនោះ ការចិញ្ចឹមគោ ១១៦,៧៧៦ក្បាល, ក្របី១៣.៣៩៧ក្បាល,ជ្រូក ៤៤,១៥៤ក្បាល  និងបក្សី១,៥១៩,៦៤៩ក្បាល ។ គេអាចសន្និដ្ឋានថា ការចិញ្ចឹមគោនិងជ្រូកមានការកើនឡើង។ ពិសេស ការចម្រុញការកែលម្អពូជគោក្នុងខេត្ត ៩ខែមកនេះ បាន៩៦ក្បាល ។ ឯការចាក់វ៉ាក់សាំងការពារជម្ងឺឆ្លង ក្នុងរយ:ពេលនេះដែរ គឺជម្ងឺសារទឹក សត្វបាន ៥៤,២៦១ក្បាល និង ក្របី១៣,៤៣៤ក្បាល ។ វ៉ាក់សាំងអុតក្តាមគោបាន១៧,២០៧ក្បាល និងវ៉ាក់សាំងការពារដុំពកលើស្បែកគោបាន៥,៩៩៥ក្បាល វ៉ាក់សាំងការពារឆ្កែឆ្កួតបាន២៥០ក្បាល ។

លោក ឃ្លោក នួយ បានបន្តថា ៖ ក្នុងនិងក្រោយពេលស្ថានភាពទឹកជំនន់ដែលបានលិចគ្រប់ស្រុក រដ្ឋបាលខេត្តនិងគណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ដែលសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីជាប្រមុខបានយកចិត្តទុកដាក់ខ្លាំងលើសុវត្ថិភាព សុខភាពនិងជីវភាពពលរដ្ឋ ។ ចំពោះនៅ៥ស្រុក មានព្រះនេត្រព្រះ, មង្គលបូរី, អូរជ្រៅ, ភ្នំស្រុក និងក្រុងសិរីសោភ័ណ ដែលបានបង្កប៉ះពាល់ដល់ទីជម្រកសត្វនិងចំណីសត្វនោះ កសិករម្ចាស់សត្វ និងមន្ត្រីជំនាញផលិតកម្មនិងបសុព្យាបាល  ភ្នាក់ងារពេទ្យសត្វភូមិនិងអាជ្ញាធរបានយកចិត្តទុកដាក់ខ្លាំងលើសុខភាពនិងផលិតកម្មសត្វ។ ហើយបានសម្រុកចាក់វ៉ាក់សាំងការពារជាមុន ទើបធានាបានថា សុខភាពល្អនិងគ្មានជម្ងឺឆ្លងសម្រាប់សត្វគោ ក្របី ក្នុងអំឡុងមុនពេលកំពុងនិងក្រោយទឹកជំនន់កន្លងមកនេះ ។

នាឱកាសនោះឯកឧត្តម តាន់  ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ មានប្រសាសន៍ កោតសេសើរដល់អាជ្ញាធរដែនដី មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត និងកសិករដែលបានយកចិត្តទុកដាក់តាមដានសុខភាពសត្វនិងបន្តជម្រុញផលិតកម្មសត្វ ទោះក្នុងអំឡុងរងគ្រោះនិងក្រោយពេលទឹកជំនន់។ជាពិសេស ក្រោមការផ្តល់ការចាក់វ៉ាក់សាំងស្រោចសត្វគោ ក្របី ដែលផ្តល់ពីអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វនិងរបស់មន្ទីរ បានធ្វើអោយសុខភាពសត្វល្អ ហើយបញ្ជៀសបានជម្ងឺឆ្លង។

ឯកឧត្តម តាន់ ផាន់ណារ៉ា បានជម្រុញការងារនេះបន្តហើយក៏គាំទ្រដល់ការបង្កើនការដាំដុះស្មៅចំណីសត្វដើម្បីធានាអោយសត្វមានអាហារបម្រុងគ្រប់គ្រាន់គ្រប់កាល:ទេស:៕​