ព័ត៌មានក្នុងប្រទេស

អបអរសាទរ​ពិធីប្រកាសទទួលស្គាល់សមាគមកីឡាតេក្វាន់-ដូ អាយ ធី អែហ្វ (ITF) ខេត្តកោះកុង

ខេត្តកោះកុងថ្ងៃសៅរ៍ ១៣ កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែតុលាឆ្នាំ២០២២លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម លឹម រតនៈ ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូ អាយ ធី អែហ្វ (ITF) កម្ពុជា ក្នុងពិធីប្រកាសទទួលស្គាល់សមាគមកីឡាតេក្វាន់ដូ ITF ខេត្តកោះកុង។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ថ្ងៃនេះក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងក្នុងនាមខ្លួននាងខ្ញុំផ្ទាល់ ខ្ញុំសូមសំដែងនូវ គារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមាន ឯកឧត្តម លឹម រតនៈទីប្រឹក្សារ៉ាជរដ្ឋាភិបាល និងជាអនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូ អាយ ធី អែហ្វ (ITF) កម្ពុជា ដែលបានអញ្ជើញជា គណៈអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់សមាគមកីឡាតេក្វាន់ដូ អាយ ធី អែហ្វ (ITF) ខេត្តកោះកុង ដែលបាននឹងកំពុងរៀបចំនាពេលនេះ និងសូមស្វាគមន៍ចំពោះវត្តមាន ឯកឧត្តម លោកឧកញ៉ាលោក លោកស្រី គណៈអធិបតី និងភ្ញៀវកិត្តិយសទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងពិធីនេះ។

ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត និងនយោបាយឈ្នះ ឈ្នះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិទាំងមូលទទួលបានសន្តិភាព និងស្ថេរភាពនៅទូទាំងប្រទេស ធ្វើឱ្យប្រជាពលរដ្ឋទាំងអស់មាន់សេចក្តី ត្រេកអរ ទទួលបានសេចក្ដី សុខសប្បាយ និងមានឱកាសអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងនោះ វិស័យកីឡាក៏ជាវិស័យមួយដែលរាជរដ្ឋាភិបាលបានខិតខំយកចិត្តទុកដាក់លើកកម្ពស់ផងដែរ។

បច្ចុប្បន្ននេះ ខេត្តកោះកុងរបស់យើង បាននឹងកំពុងខិតខំលើកស្ទួយវិស័យកីឡា ដោយកន្លងមក យើងបានបង្កើតឲ្យមានក្រុមកីឡាសីស្លាប ក្លឹបកីឡាបាល់ទះ ក្លឹបកីឡាបាល់ទាត់ និងបានចូលរួមប្រកួតជា មិត្តភាពជាមួយបណ្តាខេត្តនានា ក្នុងព្រះរាជាណាចក្រកម្ពុជា និងទទួលបានលទ្ធផលល្អជាបន្តបន្ទាប់។ ហើយថ្ងៃនេះយើងបានរួមគ្នារៀបចំពិធី ប្រកាសទទួលស្គាល់សមាគមកីឡាតេក្វាន់ដូ ITF ខេត្តកោះកុង បន្ថែមទៀតសម្រាប់ជំរុញលើកស្ទួយវិស័យកីឡានេះឲ្យកាន់តែមានភាពរីកចំរើន សម្រាប់យុវវ័យចូលហាត់រៀនបង្កើនសុខភាព មិត្តភាព និងត្រៀមលក្ខណៈទៅចូលរួមប្រកួត នៅស៊ីហ្គេមឆ្នាំ២០២៣ នាពេលខាងមុខ។ នាងខ្ញុំសូមសម្ដែងនូវការកោតសរសើរ ចំពោះលោកប្រធានសមាគមកីឡាតេក្វាន់ដូ អាយ ធី អែហ្វ (ITF) ខេត្តកោះកុង លោកគ្រូបង្វឹក និងអ្នកពាក់ព័ន្ធសំខាន់ៗ ដែលបានផ្តួចផ្តើមគំនិតរៀបចំបង្កើត សមាគមកីឡាតេក្វាន់ដូ អាយ ធី អែហ្វ (ITF) ខេត្តកោះកុងនេះឡើង ក្នុងគោលបំណងលើកស្ទួយវិស័យ កីឡាតេក្វាន់ដូក្នុងខេត្តកោះកុង។ កន្លងមកក្លឹបនេះមានទីតាំងនៅក្នុងឃុំថ្មស ស្រុកបូទុមសាគរ ដែលបង្កើតឡើងនៅឆ្នាំ២០១៩ ហើយបានវិវត្តខ្លួន ពីក្លឹបតេក្វាន់ដូ ថ្មស កោះកុង មកជា សមាគមតេក្វាន់ដូ អាយ ធី អែហ្វ (ITF) ខេត្តកោះកុង ហើយធ្លាប់បានបញ្ជូនកីឡាករ កីឡាការនី ទៅចូលរួមប្រកួតកម្រិតថ្នាក់ជាតិ និងបានទទួលជ័យលាភី ល្អប្រសើរជាបន្តបន្ទាប់ដូចមានក្នុងរបាយការណ៍របស់ លោក ផាន់ យុទ្ធផានុវឌ្ឍ ប្រធានសមាគមកីឡាតេក្វាន់ដូ អាយ ធី អែហ្វ (ITF) ខេត្តកោះកុង បានជម្រាបរាយការណ៍ជូនគណៈអធិបតី និងអង្គពិធី បានជ្រាបអម្បាញ់មិញនេះ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមស្នើឲ្យមន្ទីរ អង្គភាពពាក់ព័ន្ធ ជាពិសេសមន្ទីរអប់រំយុវជន និងកីឡា ក៏ដូចជាអាជ្ញាធរក្រុង ស្រុក មេត្តាចូលរួមផ្ដល់កិច្ចគាំទ្រ និងសហការលើកស្ទួយវិស័យកីឡាក្នុងខេត្តរបស់យើងឲ្យមានភាពរីកចំរើនលូតលាស់។ ដើម្បីជាមូលដ្ឋានក្នុងការចូលរួមលើកកម្ពស់វិស័យកីឡាតេក្វាន់ដូ និងពង្រឹងសមត្ថភាពដល់កីឡាករ កីឡាការនី នៃសមាគមកីឡាតេក្វាន់ដូ អាយ ធី អែហ្វ (ITF) ខេត្តកោះកុង នាងខ្ញុំសូមធ្វើការផ្តាំផ្ញើដូចខាងក្រោម

.ត្រូវខិតខំយកចិត្តទុកដាក់លើការហ្វឹកហាត់ ថែបំប៉នសុខភាព កីឡាករ កីឡាការនី ត្រូវគោរពគោលការណ៍ និងបទបញ្ជាផ្ទៃក្នុង លក្ខន្តិកៈ និងសេចក្ដីណែនាំនានារបស់សហព័ន្ធកីឡាតេក្វាន់ដូ អាយ ធីអែហ្វ (ITF) កម្ពុជា។

.ត្រូវរៀបចំឲ្យមានការប្រកួតឲ្យបានញឹកញាប់ ដើម្បីពង្រឹងសមត្ថភាពកីឡាករ កីឡាការនី។

.ត្រូវធ្វើការកៀគរសប្បុរសជននានា ដើម្បីជួយគាំទ្រដល់សមាគមកីឡាតេក្វាន់ដូ របស់ខ្លួន។

.គ្រប់គ្រឹះស្ថានសិក្សាសាធារណៈ គួរពិចារណាក្នុងការបង្កើតឲ្យមានក្រុមកីឡាករ កីឡាការនី សម្រាប់ហ្វឹកហាត់លើកស្ទួយវិស័យកីឡាតេក្វាន់ដូ ឲ្យមានភាពរីកចំរើន។

.គ្រប់គ្រឹះស្ថានសិក្សាសាធារណៈ ត្រូវបំផុសសកម្មភាពអប់រំកាយ និងកីឡាដល់សិស្សានុសិស្ស ឲ្យចូលរួមហាត់ប្រាណ លេងកីឡាជាពិសេស កីឡាតេក្វាន់ដូ ដើម្បីទទួលបានសុខភាពល្អ និងកាយសម្បទារឹងមាំ។

.កីឡាករ កីឡាការនីទាំងអស់ ក៏ដូចជាយុវវ័យទូទៅ ត្រូវចៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន និង អំពើអសកម្មនានា។

ជាថ្មីម្តងទៀត នាងខ្ញុំសូមសម្ដែងនូវការកោតសរសើរ និងសូមអរគុណ ចំពោះ លោកប្រធានសមាគមលោកគ្រូបង្វឹក និងអ្នកពាក់ព័ន្ធសំខាន់ៗ ដែលបានផ្តួចផ្តើមរៀបចំបង្កើតសមាគម កីឡាតេក្វាន់ដូ អាយ ធី អែហ្វ (ITF) ខេត្តកោះកុងនេះឡើង និងសូមគោរពថ្លែងអរគុណចំពោះ ឯកឧត្តម លឹម រតនៈ ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូ អាយ ធី អែហ្វ (ITF) កម្ពុជា ឯកឧត្តម លោកឧកញ៉ា លោក លោកស្រី គណៈអធិបតី លោក លោកស្រីភ្ញៀវកិត្តិយស លោក លោកស្រីអាជីវករក្នុងខេត្តក្រុមកីឡាករ កីឡាការនី ទាំងអស់ដែលបានចំណាយពេលវេលាដ៏មាន តម្លៃក្នុងការរៀបចំនិងអញ្ជើញចូលរួមក្នុងពិធី ប្រកាសទទួលស្គាល់សមាគមកីឡាតេក្វាន់ដូ អាយ ធី អែហ្វ (ITF) ខេត្តកោះកុង នាពេលនេះ៕