ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ដឹកនាំប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់ក្នុងពិធីអុំទូកនិងបណ្តែតប្រទីបនៅខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃពុធ ១០កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក .. ២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ ស្ថិតក្នុងសាលប្រជុំធំ បរិវេណស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ក្នុងពិធីបុណ្យអុំទូកនិងបណ្តែតប្រទីបនៅខេត្តបាត់ដំបង ដែលនឹងចាប់ផ្តើមប្រព្រឹត្តិទៅនាថ្ងៃខាងមុខនេះ។ អញ្ជើញចូលរួមក្នុងអង្គប្រជុំ មានលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ជាស្នងការរង លោកអនុប្រធានផែន លោកនាយ នាយរងការិយាល័យជំនាញ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក លោកអធិការ អធិការរងនៃអធិការដ្ឋាននគរបាលក្រុង ស្រុកព្រមទាំងកងកម្លាំងនគរបាលដែលមានភារកិច្ចពាក់ព័ន្ធក្នុងកិច្ចការពារនេះ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបាត់ដំបង ពិធីបុណ្យអុំទូក បណ្តែតប្រទីប នឹងត្រូវប្រារព្វធ្វើក្នុងដងស្ទឹងសង្កែ នាក្រុងបាត់ដំបង ដោយចាប់ផ្តើមនៅថ្ងៃអាទិត្យ ១៤កើត ខែអស្សុជឆ្នាំខាល ចត្វាស័ក .. ២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែ តុលា ឆ្នាំ២០២២ ដល់ថ្ងៃចន្ទ ១៥កើតខែអស្សុជ ឆ្នាំខាល ចត្វាស័ក .. ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ចំថ្ងៃចេញព្រះវស្សា។ ទិដ្ឋភាពនៃពិធីបុណ្យក្នុងរយៈពេល០២ថ្ងៃនេះ សង្ឃឹមថាបងប្អូនប្រជាពលរដ្ឋទាំងក្នុងក៏ដូចជា ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ អញ្ជើញចូលរួមកំសាន្តសប្បាយរីករាយបានច្រើនកុះករហើយសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ខិតខំប្រឹងប្រែងយកអស់កម្លាំងកាយកម្លាំងចិត្តចូលរួមសហការជាមួយសមត្ថកិច្ច មន្ទីរ អង្គភាព អាជ្ញាធម៌ពាក់ព័ន្ធក្នុងខេត្ត រក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ ដែលអញ្ជើញមកទស្សនាកំសាន្តសប្បាយស្នាក់អាស្រ័យនៅ និងការធ្វើដំណើរឆ្លងកាត់ទទួលបាននូវសុខសុវត្ថិភាពគ្រប់ៗគ្នា។ ជាពិសេសនៅពេលប្រជាពលរដ្ឋធ្វើដំណើរត្រលប់តាមមូលដ្ឋានរៀងៗខ្លួនវិញតាមបណ្តាលក្រុងស្រុក កងកម្លាំងតាមបណ្តាលគោលដៅទាំងអស់ត្រូវបង្កើនការចុះល្បាតតាមដងផ្លូវទាំងផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវលំជៀសវាងការកើតមានគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ រឺជនឆ្លៀតឳកាសប្រព្រឹត្តិបទល្មើសលើប្រជាពលរដ្ឋស្លូតត្រង់៕