ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

សាលាអនុគណក្រុងកំពង់ឆ្នាំង រៀបចំពិធីសូត្រមន្តឧទ្ទិសកុសលដល់លោកយាយទេព រៀបចំដង្ហែរសំពៅយកបណ្តែតតាមដង ទន្លេ ជូនដំណើរដូនតា តាមជំនឿ និង ទំនៀមទម្លាប់ប្រពៃណី

ខេត្តកំពង់ឆ្នាំង៖ នារសៀលថ្ងៃអាទិត្យ ១៥រោច ខែភទ្របទ ឆ្នាំខាលចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ នៅអាសនៈលោកយាយទេពមានប្រារព្ធពិធីសូត្រមន្តឧទ្ទិសកុសលដល់លោកយាយទេពនិង រៀបចំដង្ហែរសំពៅ បណ្តែតតាមដងទន្លេតាមទំនៀមទំលាប់និងជំនឿរបស់ប្រជាពលរដ្ឋពុទ្ធបរិស័ទ ដើម្បីសែនជូនដូនតាបន្ទាប់ពីបញ្ចប់ពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌរយះពេល១៥ថ្ងៃមក ។ ពិធីនេះប្រារព្ធទៅក្រោមអធិបតីភាពឯកឧត្តម ឡុង ឈុនឡៃ ប្រធាក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម គុយ ចន្ថា និង ឯកឧត្តម ផាន់ ចាន់ដារ៉ា សមាជិកក្រុមប្រឹក្សាខេត្ត និង ប្រជាពលរដ្ឋ ពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះករ ។

នៅក្នុងពិធីនារសៀលនេះផងដែរព្រះគ្រូ ឆន ឆុង ព្រះអនុគុណក្រុងកំពង់ឆ្នាំង និង ជាព្រះចៅអធិការវត្តទេពធីតារាម សូត្រមន្តចម្រើនព្រះបរិត្ត និងសំដែងធម៌ទេសនា តាមជំនឿ និងទំនៀមទំលាប់ប្រពៃណី។ នៅក្នុងពិធីនេះក៏បានរៀបចំនូវសំពៅនិងទូកសម្រាប់យកទៅបណ្តែតនៅមាត់ទន្លេផ្សារក្រោម។ ទូកនិងសំពៅដែលបានធ្វើឡើងតំកល់មុខអាសនៈលោកយាយទេព អោយពុទ្ធបរិស័ទ ដោយយកស្រូវ អង្ករ ពោត សណ្ដែក ល្ង អំបិល ប្រហុក ប្រាក់ជាដើម ដាក់ក្នុងសំពៅដើម្បីដង្ហែរយកទៅបណ្តែតនៅដើមពោធិ៍មាត់ទន្លេផ្សារក្រោមជូនដូនតា ដែលបាក់បែកចែកឋាន ឱ្យត្រឡប់ទៅស្រុកវិញក្រោយពីបញ្ចប់បុណ្យភ្ជុំបិណ្ឌរយៈពេល១៥ថ្ងៃ និង ដើម្បីបន់ស្រន់ដល់ជីដូនជីតាសុំអោយប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំងប្រកបមុខរបរកសិកម្មនៅឆ្នាំក្រោយៗទទួលបានភោគផលច្រើនផងដែរ។

ការរៀបចំឲ្យមានពិធីបណ្ដែតដូនតាក្រោយបុណ្យភ្ជុំបិណ្ឌរួចនេះ ដែលគេតែងធ្វើជាប្រចាំនោះ គឺជាពិធីខាងក្រៅព្រះពុទ្ធសាសនាទៅវិញទេ។ ថ្វីបើពិធីនេះមិនមែនជាកិច្ចការនៅក្នុងព្រះពុទ្ធសាសនាក៏ដោយចុះ ប៉ុន្តែជាពិធីមួយដែលមិនអាចខ្វះបានឡើយនៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ។ដែលពិធីនេះគេធ្វើឡើងស្ទើគ្រប់ទីកន្លែង ពិសេសនៅតាមជនបទ នានា ។ពិធីបុណ្យនេះជនរួមជាតិខ្មែរប្រារព្ធឡើងក្នុងគោលបំណងរំលឹកនឹកគុណដល់បុព្វការីជន មានជីដូនជីតាញាតិកាទាំងប្រាំពីរសន្តាន និងឧទ្ទិសកុសលដល់អ្នកដែលចែកឋានទៅកាន់បរលោកសូមឲ្យដួងវិញាណក្ខន្ធរបស់អស់លោកអ្នកទាំងនោះបានទៅកាន់សុគតិភព។

ក្នុងឱកាសនោះឯកឧត្តម ឡុង ឈុនឡៃ ឯកឧត្តម គុយ ចន្ថា និងឯកឧត្តម ផាន ចាន់ដារ៉ា បានចូលរួមបច្ច័យ១លានរៀល និងភេសជ្ជៈ ចំនួន១០កេសផងដែរ ៕