ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ផ្ទះមួយខ្នងឆ្លងចរន្តអគ្គីសនីឆាបឆេះ គិតជាទឹកប្រាក់ប្រមាណ៧០០០ដុល្លា

បន្ទាយមានជ័យ ៖ រសៀលថ្ងៃអង្គារ ១០ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ អគ្គីភ័យឆាបឆេះផ្ទះពលរដ្ឋមួយកន្លែងមានទំហំ៤ម៉ែត្រគុណ២០ម៉ែត្រ នៅវេលាម៉ោង២និង១៥នាទី ឋិតក្នុងភូមិមិត្តភាព សង្កាត់ក្រុងប៉ោយប៉ែត។ ម្ចាស់ផ្ទះមានឈ្មោះ ស្រេង ពន្លក ភេទប្រុស អាយុ៥៣ឆ្នាំ និងប្រពន្ធឈ្មោះ ហោ ប៊ួយ រស់នៅក្នុងភូមិកើតហេតុ។ នៅក្នុងស្ថានការខាងលើនោះគេឃើញមានវត្តមានលោកអភិបាលក្រុងប៉ោយប៉ែត លោក គាត ហ៊ុល និងកម្លាំងទាំងបីប្រភេទមកជួយអន្តរាគមន៍ពន្លត់អគ្គីភ័យនេះ ក្នុងនោះបាន ប្រើប្រាស់រថយន្តទឹកអស់ចំនួន០២ឡាន រថយន្តពន្លត់អគ្គីភ័យរបស់អធិការក្រុងប៉ោយប៉ែត អគ្គីភ័យនេះត្រូវបានគ្រប់គ្រងទាំងស្រុងនៅវេលាម៉ោង២និង៤០នាទីថ្ងៃដដែល មិនបណ្ដាលឲ្យមានមនុស្សរងរបួសឡើយ។

យោងតាមការសាកសួរកូនម្ចាស់ផ្ទះខាងលើបានប្រាប់ថា​ ៖ ករណីខាងលើនេះក្រុមគ្រួសារគាត់មិនបាននៅផ្ទះនោះឡើយដោយរវល់លក់នំខេកនៅកន្លែងកាស៊ីណូជាប់ព្រំដែនថៃ បន្ទាប់ពីកើតហេតុពួកគាត់បានដឹងតាមរយៈពលរដ្ឋប្រាប់ក៏វិលត្រលប់មកផ្ទះវិញឃើញផ្ទះរបស់គាត់ឆេះផ្នែកឡៅតើតែម្ដង។

ករណីខាងលើបណ្ដាលមកពីទុសេខ្សែភ្លើង ព្រោះក្រោយពីពិនិត្យរបស់មន្ត្រីឃើញថាមានកង្ហាមួយត្រូវខូចខាតដោយឆ្លងចរន្តអគ្គីសនីដែលម្ចាស់ផ្ទះដោតឌុយភ្លើងទុកចោលមិនបានដកចេញ ដូច្នេះទើបបង្ករជាអគ្គីភ័យ ហើយសំភារៈក្នុងផ្ទះខូចខាតគិតជាទឹកប្រាក់ប្រមាណប្រាំពីពាន់ដុល្លា៕