រដ្ឋបាលរាជធានី-ខេត្ត

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នាំយកអំណោយសង្គ្រោះជូនប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះ និងខ្យល់កន្ត្រាក់

ខេត្តកណ្ដាល៖ ប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះអគ្គិភ័យឆេះផ្ទះសម្បែង ចំនួន ២គ្រួសារ សមាជិក ១០នាក់ នៅភូមិកណ្ដាលឃុំក្រាំងយ៉ូវ និងប្រជាពលរដ្ឋ ១គ្រួសារទៀត មានសមាជិក ៣នាក់ ដែលបានរងគ្រោះដោយសារខ្យល់កន្ត្រាក់បណ្តាលឲ្យរលំផ្ទះទាំងស្រុង នៅភូមិព្រៃទទឹង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល បានទទួលជំនួយសង្គ្រោះពីសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ចាត់ឲ្យលោក ទៀងសុគន្ធ នាយកសាខា ដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងយកជំនួយសង្គ្រោះទៅឧបត្ថម្ភជូនគ្រួសាររងគ្រោះដោយផ្ទាល់ដល់លំនៅឋាន

មានមតិសំណេះសំណាលលោក ទៀង សុគន្ធ ក្នុងនាមឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខា បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនជនរងគ្រោះទាំង៣គ្រួសារ ដោយក្តីនឹករលឹក និងការអាណិតអាសូរពន់ពេក

លោកនាយកសាខាបានបញ្ជាក់ថា៖កាកបាទក្រហមកម្ពុជាដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានសម្ដេចតែងបានយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋគ្រប់រូប ដោយពុំបានគិតពីវណ្ណៈ ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។

លោកនាយកបានសំណូមពរសូមឲ្យប្រជាពលរដ្ឋមេត្តាបន្តយកចិត្តទុកដាក់ថែទាំសុខភាពអនាម័យសម្រាប់ក្រុមគ្រួសារឲ្យបានល្អពិសេសត្រូវចូលរួមអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលបាលគឺ៖ ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួន

ជំនួយសង្គ្រោះបានឧបត្ថម្ភជូនក្នុង ១គ្រួសារមាន អង្ករ ៥០គីឡូក្រាម ,មី ១កេស ត្រីខកំប៉ុង ៥យួរ ទឹកត្រី យួរ ទឹកស៊ីអុីវ ១យូ ទឹកសុទ្ធដបធំ ១ដប កៅស៊ូតង់ ១ផ្ទាំង ម៉ាស ១ប្រអប់ ជែលលាងដៃ ១ដប និងឃីតសម្ភារ ១កញ្ចប់

ដោយឡែកចំពោះថវិកាសាខាបានឧបត្ថម្ភជូនជនរងគ្រោះដោយសារគ្រោះអគ្គីភ័យឆេះផ្ទះទាំងស្រុងថវិកាចំនួន ៤០ម៉ឺនរៀល,អ្នករងគ្រោះដោយសារខ្យល់កន្ត្រាក់រលំផ្ទះ ថវិកា ៤០ម៉ឺនរៀល រីឯអ្នករងផលប៉ះពាល់ដោយសារអគ្គិភ័យឆេះដំបូលផ្ទះអស់មួយផ្នែក បានឧបត្ថម្ភថវិកាចំនួន ២០ម៉ឺនរៀលផងដែរ។