ព័ត៌មានក្នុងប្រទេស

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ៖ ឆ្នាំ ២០៣០ ផ្ដោតសំខាន់លើការអប់រំ គុណភាព សមធម៌ បរិយាប័ន្ន និងការលើកកម្ពស់ឱកាស ក្នុងការសិក្សាពេញមួយជីវិតសម្រាប់អ្នកទាំងអស់គ្នា

បន្ទាយមានជ័យ ៖ ការអភិវឌ្ឍនូវធនធានមនុស្សគឺសំដៅសម្រេចឲ្យបាននូវយុវជនម្នាក់ដែលមានជំនាញមួយយ៉ាងពិតប្រាកដប្រចាំជីវិត ៖ នេះគឺជាសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ៨កញ្ញា ឆ្នាំ២០២២  ធ្វើឡើងនៅ​វេទិកា ខេត្តបន្ទាយមានជ័យ  ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ  ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា ។

ឯកឧត្តម ហង់ ជួនណារ៉ុន បានមានប្រសាសន៍ថា ៖ ការប្រារព្ធទិវាអក្ខរកម្មជាតិ ៨កញ្ញា គឺជាការរំឭកឲ្យឃើញថា នៅមានភារៈកិច្ចចម្បងចាំបាច់ជាច្រើនទៀត ក្នុងការជំរុញឲ្យមានកំណើនអត្រាអក្ខរកម្ម ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ ប្រកបដោយចិរភាពឆ្នាំ២០៣០ ផ្ដោតសំខាន់លើការអប់រំ គុណភាព សមធម៌ បរិយាប័ន្ន និងការលើកកម្ពស់ឱកាស ក្នុងការសិក្សាពេញមួយជីវិតសម្រាប់អ្នកទាំងអស់គ្នា ក្នុងស្មារតី រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់ ដោយប្រើប្រាស់នូវសក្ដានុពលសមត្ថភាព លទ្ធភាពនិងកាលានុវត្តភាពនិងការលើកកម្ពស់ ការងារអក្ខរកម្ម ពិសេសបង្កលក្ខណៈអំណោយផល ដល់បងប្អូនប្រជាពល​រដ្ឋកម្ពុជា ឲ្យបានចូលរួមកាន់តែសកម្មខ្លាំងក្លា ក្នុងការងារនេះដើម្បីបន្តដំណើរលើមាគ៌ាឆ្ពោះទៅរកវឌ្ឍនភាពរុងរឿងនៃសង្គមជាតិកម្ពុជាទាំងមូល។

ឯកឧត្តមបានបន្តថា ៖ ឆ្នាំនេះយើងមានឱកាសបានរៀបចំទិវាអក្ខរកម្មជាតិ ៨កញ្ញា លើកទី២២ នៅទូទាំងរាជធានី-ខេត្ត ដោយមានការខកខាន ការប្រារព្ធពិធីបែបនេះអស់រយៈពេល០២ឆ្នាំ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងនោះយើងគ្រាន់តែបានផ្សព្វផ្សាយតាមរយៈ ប្រព័ន្ធអេឡិចត្រូនិកនិងបណ្ដាញសង្គមតែប៉ុណ្ណោះ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ បានគូសបញ្ជាក់ថា ៖ ក្នុងឱកាសនេះដែរស្របពេលដែលសភាពការណ៍ប្រទេសជាតិយើងសម្រេចបាននូវជោគជ័យដ៏ធំធេងក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងដាក់ឲ្យដំណើរការមានគ្រប់សកម្មភាពសេដ្ឋកិច្ចសង្គមឡើងវិញយ៉ាងពេញលេញ ប្រជាជនរស់នៅដោយក្ដីសប្បាយរីករាយតាមគន្លងប្រក្រតីភាពថ្មី អញ្ញាតឱ្យយើងបានប្រារព្ធទិវាអក្ខរកម្មនេះឡើង ។  ឆ្នាំនេះក្រសួង អប់រំយុវជន និងកីឡាបានកំណត់យកប្រធានបទ អក្ខរកម្មជាស្ពានឆ្ពោះទៅរកជំនាញមុខរបរនិងការសិក្សាបន្ត នៅពេលដែលប្រទេសកម្ពុជាកំពុងបន្តអភិវឌ្ឍរីកចម្រើនឡើងអក្ខរកម្មដែលជាមូលដ្ឋានគ្រឹះនៃការសិក្សាពេញមួយជីវិត កាន់តែមានសារៈសំខាន់បន្ថែមទៀតដើម្បីអភិវឌ្ឍនូវធនធានមនុស្សបំពេញនូវតម្រូវការនៃសេចក្ដីប្រាថ្នាថ្មីរបស់ប្រទេសកម្ពុជានៅពេលដែលប្រទេសកាន់តែជឿនលឿន ផ្នែកបច្ចេកវិទ្យាព័ត៌មាន  ជំនាញអក្ខរកម្មឌីជីថលកាន់តែមានសារៈសំខាន់ ក្នុងការសម្របខ្លួនទៅនឹងវិធីដែលបច្ចេកវិទ្យា បានផ្លាស់ប្តូររបៀបធ្វើ របៀបទំនាក់ទំនង និងអក្ខរកម្មជាមួយគ្នា ៕