ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមពិធីអនុវត្តលំហាត់សមយុទ្ធជំនាញសង្គ្រោះគ្រោះមហន្តរាយដោយទឹកជំនន់ ឆ្នាំ២០២២ នៃកងប្រតិបត្តិការរុករកនិងសង្គ្រោះគ្រោះមហន្តរាយលេខ៧២៥ របស់កងពលតូចអន្តរាគមន៍លេខ១

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃពុធ ១២កើត ខែភទ្របទ ឆ្នាំខាល ចត្វា ស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយនឹងលោក អម សុភា អភិបាលរងខេត្ត បានអមដំណើរឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញជាអធិបតីក្នុងពិធីអនុវត្តលំហាត់សមយុទ្ធជំនាញសង្គ្រោះគ្រោះមហន្តរាយដោយទឹកជំនន់ ឆ្នាំ២០២២ នៃកងប្រតិបត្តិការរុករកនិងសង្គ្រោះគ្រោះមហន្តរាយលេខ៧២៥ របស់កងពលតូចអន្តរាគមន៍លេខ១ ដែលធ្វើឡើងនៅភូមិកំពង់ត្រឡាចក្រោម ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ឯកឧត្ដមទេសរដ្ឋមន្ត្រី បានថ្លែងថា កងទ័ពធ្វើសមយុទ្ធសង្គ្រោះគ្រោះមហន្តរាយ ដើម្បីពង្រឹងសមត្ថភាពជួយប្រជាជនពីទឹកជំនន់។
ឯកឧត្ដម បានគូសបញ្ជាក់ថា នៅពេលមានគ្រោះមហន្តរាយកើតឡើងនៅតំបន់ណាមួយ កងប្រតិបត្តិការរបស់យើង និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវតែសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋឲ្យបានជាមុនសិន កុំឲ្យមានបញ្ហាអ្វីកើតឡើងឲ្យសោះចំពោះប្រជាពលរដ្ឋ។ ការៀបចំលំហាត់សមយុទ្ធនាពេលនេះ គឺជាការដាក់ចេញជាវិញ្ញាសារ និងការរំលឹកដល់បណ្តាកងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយទាំងអស់ ត្រូវពង្រឹងសមត្ថភាពជំនាញ មធ្យោបាយ និងសម្ភារ:របស់ខ្លួន ដើម្បីឆ្លើយតបចំពោះសភាពការណ៍កើតឡើងជាយថាហេតុដោយសារបញ្ហាគ្រោះមហន្តរាយទឹកជំនន់។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានអញ្ជើញសំណេះសំណាលជាមួយកងកម្លាំង និងចែកអំណោយគ្រឿងឧបភោគបរិភោគជូនប្រជាពលរដ្ឋផងដែរ ៕