រដ្ឋបាលរាជធានី-ខេត្ត

បន្ទាយមានជ័យ កម្ពុជា និង ស្រះកែវ ថៃ រៀបចំពិធីសំណេះសំណាលពិភាក្សា ដើម្បីចងសម្ព័ន្ធ  មេត្រីភាព ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងខេត្តទាំង០២

បន្ទាយមានជ័យ ៖ ដើម្បីចងសម្ព័ន្ធមេត្រីភាព ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា និងខេត្តស្រះកែវ ប្រទេសថៃ  បន្ទាប់ពីមានជំងឺកូវីដ-១៩  បានធូរស្រាលនោះ ។ នៅរសៀលថ្ងៃចន្ទ ១០ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ មន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជានិងមន្ទីរពាណិជ្ជកម្មខេត្ត ស្រះកែវប្រទេសថៃ និងមានការអញ្ជើញចូលរួមកិច្ចពិភាក្សារវាងសភាពាណិជ្ជកម្ម និងសហគ្រិនវ័យក្មេងទាំងពីរភាគីប្រទេស  ក្នុងគោលបំណងពង្រឹងកិច្ចប្រតិបត្តិការឲ្យបានល្អប្រសើរឡើងវិញ ក្រោយពីវិបត្តិកូវីដ-១៩ លើវិស័យពាណិជ្ជកម្ម  និងវិនិយោគផ្លាស់ប្តូរផលិតផលទំនិញផ្សេងផ្សេង ។

លោក ប៊ុក ឡាយជី ជាប្រធានមន្ទីរពាណិជ្ជកម្ម បន្ទាយមានជ័យបានលើកឡើងថា​ ៖ ក្រោយវិបត្តិជំងឺកូវីដ-១៩  រយៈកាលកន្លងមកសម្រាប់ ខេត្តបន្ទាយមានជ័យ  ក៏ដូចជាទូទាំងប្រទេសកម្ពុជាទាំងមូល  បញ្ហាសេដ្ឋកិច្ចលើគ្រប់វិស័យកំពុងមានការកើនឡើង  គួរជាទីមោទនហើយសម្រាប់ខេត្តបន្ទាយមានជ័យ  មានសក្ដានុពលសម្រាប់ធ្វើការវិនិយោគដោយមានរោងចក្រចំនួន១៩  តាមតំបន់សេដ្ឋកិច្ចពិសេស និងឧស្សាហកម្មរួមមានតំបន់សេដ្ឋកិច្ចពិសេសអូនាងក្រុងប៉ោយប៉ែតមាន៦រោងចក្រ តំបន់សេដ្ឋកិច្ចពិសេសសានកូក្រុងប៉ោយប៉ែតមាន១១ រោងចក្រតំបន់សួនឧស្សាហកម្មស៊ីសុផុនក្រុងសិរីសោភ័ណ  មាន២រោងចក្រដែលមានរោងចក្រទាំងអស់កំពុងដំណើរការ។

លោក  ប៊ុក ឡាយជី បានបន្តថា ៖ ទំហំនៃការនាំចេញកសិផល ចេញពីប្រទេសកម្ពុជាទៅប្រទេសថៃសម្រាប់ឆមាសទី១ ឆ្នាំ២០២២នេះ កសិផលនាំចេញគិតជាប្រាក់មានចំនួន ១៩៤,៤០០,០០លានដុល្លារសហរដ្ឋអាមេរិក(១៩៤លាន៤០ម៉ឺនដុល្លា)។ ចំណែកនៃការនាំចូលទំនិញគ្រប់ប្រភេទរបស់ប្រទេសថៃមកកម្ពុជាវិញនោះគឺមានទំហំធំបើគិតជាទឹកប្រាក់ដ៏ច្រើនលើសលប់។ ដូច្នេះក្នុងនាមមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ សំណូមពរភាគីទាំងពីរ  បន្តជំរុញគាំទ្រដល់ការអភិវឌ្ឍចំណេះដឹង ដល់បុគ្គលិកពាក់ព័ន្ធផ្នែកពាណិជ្ជកម្មការវិនិយោគ និងបង្កើនជំនាញក្នុងការកែលម្អគុណភាពផលិតផល និងសេវាកម្មព្រមទាំងជំរុញសកម្មភាពចរចាពាណិជ្ជកម្ម រៀបចំពិព័រណ៍ពាណិជ្ជកម្មដើម្បីឲ្យបានជាប្រយោជន៍ ដល់ប្រទេសទាំង០២។

ជាការឆ្លើយតប  ក្នុងកិច្ចពិភាក្សានេះផងដែរលោកស្រី ណងយ៉ាវ ស៊ីផាន់ថាមីត ដែលជាប្រធានមន្ទីរពាណិជ្ជកម្មខេត្តស្រះកែវ ក៏បានថ្លែងនូវអំណរគុណនិងកោតសរសើរដោយស្មោះចំពោះមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ  ក៏ដូចជាសភាពាណិជ្ជកម្មព្រមទាំងសហគ្រិនវ័យក្មេង ដែលបានរួមសហការនិងប្រតិបត្តិការ បានល្អប្រសើរចំពោះការវិនិយោគផ្លាស់ប្តូរទំនិញគ្រប់ប្រភេទ ដល់ប្រទេសទាំង០២  ឲ្យមានសេដ្ឋកិច្ចរីកចម្រើនបន្ថែមទៀត។

លោកស្រី  បន្តថា ៖ នឹងគាំទ្រការគ្រប់គ្រង និងផ្លាស់ប្តូរព័ត៌មាន ឲ្យគ្នាទៅវិញទៅមក និងបន្តពង្រឹងនិងគាំទ្រកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្មវិនិយោគទេសចរណ៍ និងសេវាកម្មទេសចរណ៍ ដែលភាគីទាំង០២បានព្រមព្រៀងជួបសំណេះសំណាលពិភាក្សាជជែកគ្នារយៈពេលបីខែម្ដងនោះ ដើម្បីពង្រឹងលើការងារប្រតិកម្មឲ្យមានភាពល្អប្រសើរសម្រាប់ប្រទេសទាំង០២កម្ពុជា-ថៃ ៕