ព័ត៌មានក្នុងប្រទេស

ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការអនុវត្ត វិធានការរដ្ឋបាលជំរុញការអនុវត្តគម្រោងអភិវឌ្ឍន៍វ៉ៃកូជំហានទី២

ខេត្តស្វាយរៀងនាថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ..២៥៦៦ ត្រូវនឹងថ្ងៃទី២៣ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការអនុវត្ត វិធានការរដ្ឋបាលជំរុញការអនុវត្តគម្រោងអភិវឌ្ឍន៍វ៉ៃកូជំហានទី២

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតំណាងគណៈកម្មការអន្តរក្រសួងដោះស្រាយផលប៉ះពាល់ តំណាងក្រសួងធនធានទឹកនិងឧតុនិយមក្រុមហ៊ុនទទួលការសាងសង់ លោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកអភិបាលស្រុកស្វាយជ្រំមន្ត្រីទីចាត់ការអន្តរវិស័យសាលាខេត្ត  លោកស្រីមេឃុំ និងមេភូមិ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាស្ត្រវ៉ៃកូជំហានទី២នេះ ជាគម្រោងរបស់រាជរដ្ឋាភិបាលសម្រាប់ស្តុកទឹកប្រើប្រាស់ និងស្រោចស្រពដីស្រែប្រជាពលរដ្ឋរាប់ម៉ឺនហិចតា។ កន្លងមក ក្រុមការងារអន្តរក្រសួងដោះស្រាយផលប៉ះពាល់សហការជាមួយអនុគណៈកម្មការខេត្ត និងអាជ្ញាធរពាក់ព័ន្ធបានធ្វើការសម្របសម្រួលទូទាត់សំណងផលប៉ះពាល់តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលបានចំនួន៤៦៣គ្រួសាររួចហើយ។ ដោយឡែកមានប្រជាពលរដ្ឋចំនួន៤គ្រួសារ ដែលបានអាស្រ័យផលលើដីសាធារណៈរបស់រដ្ឋក្នុងអាងទឹកកំពង់ជ្រៃមិនព្រមទទួលយកការដោះស្រាយតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបង្កឱ្យមានការរាំងស្ទះដល់ការអនុវត្តគម្រោង។

ឯកឧត្តមអភិបាលខេត្ត បានធ្វើការណែនាំដល់អាជ្ញាធរ និងអ្នកពាក់ព័ន្ធត្រូវចុះណែនាំដល់ប្រជាពលរដ្ឋទាំង៤គ្រួសារឱ្យបានយល់ និងទទួលយកតាមការដោះស្រាយរបស់គណៈកម្មការអន្តរក្រសួង។ ទន្ទឹមនោះឯកឧត្តមបានដាក់បទបញ្ជាដល់សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធត្រូវសហការបង្កលក្ខណៈគ្រប់បែបយ៉ាងដើម្បីដោះស្រាយចំពោះប្រជាពលរដ្ឋទាំង៤គ្រួសារខាងលើ មុននិងឈានដល់ការអនុវត្តវិធានការរដ្ឋបាល ដើម្បីក្រុមហ៊ុនអនុវត្តលើការងារសាងសង់តាមផែនការ និងធានាគុណភាព។