ព័ត៌មានក្នុងប្រទេស

វគ្គផ្សព្វផ្សាយ អំពីការងារព័ត៌មានវិទ្យា ជូនដល់ក្រុមប្រឹក្សាឃុំ អាណត្តិទី៥ (អាណត្តិថ្មី) សម្រាប់ស្រុកបូទុមសាគរ នៃខេត្តកោះកុង

ខេត្តកោះកុង៖ថ្ងៃសុក្រ រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ខែសីហា ឆ្នាំ២០២២លោក អ៊ុក សុតា នាយករងរដ្ឋបាល និងជាប្រធានក្រុមព័ត៌មានវិទ្យាខេត្តកោះកុង បានអញ្ជើញជាគណៈអធិបតី ក្នុងវគ្គផ្សព្វផ្សាយ អំពីការងារព័ត៌មានវិទ្យា ជូនដល់ក្រុមប្រឹក្សាឃុំ អាណត្តិទី៥(អាណត្តិថ្មី) សម្រាប់ស្រុកបូទុមសាគរ នៃខេត្តកោះកុង។

លោកនាយករងរដ្ឋបាល បានលើកឡើងថា ក្នុងនាមក្រុមការងារមន្ត្រីបង្គោលព័ត៌មានវិទ្យាខេត្តកោះកុងសូមយកឱកាសនេះថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត លោកជំទាវអភិបាល លោកនាយករដ្ឋបាលដែលតែងតែយកចិត្តទុកដាក់គាំទ្រ និងផ្តល់ឱកាសឱ្យក្រុមការងារព័ត៌មានវិទ្យា បានបំពេញចំណេះដឹងថ្មីៗបន្ថែមទៀត ជាមួយគ្នានេះផងដែរ ខ្ញុំថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំរដ្ឋបាលស្រុក ដែលបានគាំទ្រ ក្នុងរៀបចំព័ត៌មាន របស់រដ្ឋបាល ទាំងរដ្ឋបាលឃុំទាំងអស់ ដែលកើតមាននៅក្នុងមូលដ្ឋាន ក្នុងគេហទំព័រ និងហ្វេសប៊ុក រដ្ឋបាលខេត្តកោះកុង ក្នុងន័យផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដល់សាធារណជន អ្នកពាក់ព័ន្ធនិងអ្នកដែលមានតម្រូវការសេវានានា។ ខ្ញុំសូមជម្រាបផងដែរថា សកម្មភាពរបស់លោក លោកស្រីទាំងអស់បានឆ្លុះបញ្ចាំងពីសកម្មភាពនានា របស់មូលដ្ឋាន ដើម្បីផ្តល់សេវាកម្ម និងផលប្រយោជន៍របស់ប្រជាពលរដ្ឋបានកាន់តែល្អប្រសើរ។ មួយវិញទៀតខ្លឹមសារ ដែលលោក លោកស្រី បានសរសេរ ក្នុងគេហទំព័រ និងហ្វេសប៊ុកទាំងអស់បង្ហាញ អំពីកិច្ចការប្រចាំថ្ងៃរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ដូចជាកិច្ចប្រជុំ ពិធីសំណេះសំណាល សាកសួរសុខទុក្ខ ចែកអំណោយ ទេសចរណ៍ សេវានានា….. និងសកម្មភាពជាច្រើនទៀត៕