ព័ត៌មានក្នុងប្រទេស

វគ្គផ្សព្វផ្សាយ អំពីការងារព័ត៌មានវិទ្យា ជូនដល់ក្រុមប្រឹក្សាឃុំ អាណត្តិទី៥ (អាណត្តិថ្មី) សម្រាប់ស្រុកគិរីសាគរ នៃខេត្តកោះកុង

ខេត្តកោះកុង៖​ ថ្ងៃសុក្រ ៧ រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២​ លោក អ៊ុក សុតា នាយករងរដ្ឋបាល និងជាប្រធានក្រុមព័ត៌មានវិទ្យាខេត្តកោះកុង និងលោក ទួន ឪទី អភិបាលស្តីទីស្រុកគិរីសាគរ បានអញ្ជើញជាគណៈអធិបតី ក្នុងវគ្គផ្សព្វផ្សាយ អំពីការងារព័ត៌មានវិទ្យា ជូនដល់ក្រុមប្រឹក្សាឃុំ អាណត្តិទី៥ (អាណត្តិថ្មី) សម្រាប់ស្រុកគិរីសាគរ នៃខេត្តកោះកុង។

លោកនាយករងរដ្ឋបាល បានលើកឡើងថា ខ្ញុំសូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំរដ្ឋបាលស្រុក ដែលបានគាំទ្រ ក្នុងរៀបចំព័ត៌មាន របស់រដ្ឋបាល ទាំងរដ្ឋបាលឃុំទាំងអស់ ដែលកើតមាននៅក្នុងមូលដ្ឋាន ក្នុងគេហទំព័រ និងហ្វេសប៊ុក រដ្ឋបាលខេត្តកោះកុង ក្នុងន័យផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដល់សាធារណជន អ្នកពាក់ព័ន្ធ និងអ្នកដែលមានតម្រូវការសេវានានា។ ខ្ញុំសូមជម្រាបផងដែរថា សកម្មភាពរបស់លោក លោកស្រីទាំងអស់បានឆ្លុះបញ្ចាំងពីសកម្មភាពនានា របស់មូលដ្ឋាន ដើម្បីផ្តល់សេវាកម្ម និងផលប្រយោជន៍របស់ប្រជាពលរដ្ឋបានកាន់តែល្អប្រសើរ។ មួយវិញទៀតខ្លឹមសារ ដែលលោក លោកស្រី បានសរសេរ ក្នុងគេហទំព័រ និងហ្វេសប៊ុកទាំងអស់បង្ហាញ អំពីកិច្ចការប្រចាំថ្ងៃរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ដូចជាកិច្ចប្រជុំ ពិធីសំណេះសំណាល សាកសួរសុខទុក្ខ ចែកអំណោយ ទេសចរណ៍ សេវានានា….. និងសកម្មភាពជាច្រើនទៀត។

លោកអភិបាលស្តីទីស្រុកគិរីសាគរ បានគូសបញ្ជាក់ថា ព័ត៌មានជាស្នាដៃរបស់លោក លោកស្រី ដែលបំពេញតួនាទី ភារកិច្ច និងការអភិវឌ្ឍន៍ក្នុងមូលដ្ឋាន សូមឱ្យលោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំទាំងអស់យកចិត្តទុកដាក់ ក្នុងការរៀបចំព័ត៌មានឱ្យបានល្អប្រសើរ និងគ្រប់សកម្មភាពក្នុងមូលដ្ឋាន ធ្វើយ៉ាងណាផ្អែកតាមគោលការណ៍ នៃការសរសេរព័ត៌មាន ដែលក្រុមការងារខេត្ត បានផ្សព្វផ្សាយនាពេលនេះ ចាប់ពីពេលនេះតទៅ សូមលោកមេឃុំទាំងអស់ រៀបចំមន្ត្រីទទួលបន្ទុកព័ត៌មានទទួលបន្ទុកព័ត៌មាន មួយវិញទៀតស្មៀនឃុំ ត្រូវយកចិត្តទុកដាក់ពិនិត្យរាល់សកម្មភាពរបស់លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាឃុំ ដើម្បីសរសេរព័ត៌មាន ក្នុងគេហទំព័រ និងហ្វេសប៊ុកផ្លូវការ របស់រដ្ឋបាលខេត្តកោះកុង ដើម្បីឱ្យសាធារណជនទទួលបាននូវព័ត៍ក្នុងមូលដ្ឋាន៕