ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលនៃកិច្ចប្រតិបត្តិការ ប្រចាំខែកក្កដា លើកទិសដៅខែសីហា ឆ្នាំ២០២២

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំ បូកសរុបសភាពការណ៍ និងលទ្ធផលនៃកិច្ចប្រតិបត្តិការ ប្រចាំខែកក្កដា លើកទិសដៅខែសីហា ឆ្នាំ២០២២ និងផ្សព្វផ្សាយផែនការសំខាន់ៗមួយចំនួន ព្រមទាំងបានប្រគល់ប្រកាសដាក់អោយចូលនិវត្តន៍ នាយនគរបាលជាតិជាន់ខ្ពស់ចំនួនពីររូប ។ ពិធីនេះមានការចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរៈសេនីយ៍ ស្នងការរង លោកនាយការិយាល័យ លោកអធិការក្រុង ស្រុក និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៧០ប៉ុស្តិ៍ ផងដែរ ។ ក្រោយពីការអាននូវរបាយការណ៍ លទ្ធផលនៃកិច្ចប្រតិបត្តិការប្រចាំខែកក្កដា របស់លោកឧត្តមសេនីយ៍ត្រី អៀរ ប៑ុនធឿន ស្នងការរងទទួលផែនការងារសេនាធិការ បានបញ្ជប់ ហើយលោកឧត្តមសេនីយ៍ត្រី ស្រុី សុវណ្ណ ស្នងការរងទទួលផែនការងារធនធានមនុស្ស បានអានសេចក្តីប្រកាសដាក់អោយចូលនិវត្តន៍ និងអានលិខិតបង្គាប់ការ របស់ស្នងការរដ្ឋាននគរបាលខេត្ត ស្ដីពីការផ្ទេរភារកិច្ច ជូនដល់នាយនគរបាលជាន់ខ្ពស់ចំនួនពីររូប៖
១/លោកវរសេនីយ៍ទោ ឡូវ ឌីណា នាយរងការិយាល័យ ទៅជានាយ ការិយាល័យគ្រប់គ្រងការស្នាក់នៅ (ស្ដីទី) ជំនួសលោកវរសេនីយ៍ឯក កេត រ៉ាវី ដែលបានប្រកាសដាក់អោយចូលនិវត្តន៍។
២/លោកវរសេនីយ៍ទោ ប៉ែន សុផារី អធិការរង ជាអធិការនគរបាលស្រុកបរិបូណ៌ (ស្ដីទី) ជំនួសលោកវរសេនីយ៍ឯក ជាង សុវណ្ណារិទ្ធិ ដែលបានប្រកាសដាក់អោយចូលនិវត្តន៍ ។

ហើយក៏មានមតិចូលរួមរបស់ លោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកប្រធានការិយាល័យ លោកអធិការ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល រួចមក លោកឧត្តមសេនីយ៍ទោ ស្នងការ មានប្រសាសន៍បូកសរុប និងវាយតម្លៃលទ្ធផលការងាររយៈពេលកន្លងមក ក៏បានលើកសរសើរដល់គ្រប់អង្គភាពទាំងអស់ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីបំពេញការងាររបស់ខ្លួនបានជោគជ័យ ជាបន្តបន្ទាប់។ ចំពោះកិច្ចការមួយចំនួនដែលបំពេញហើយតែមិនទាន់បានល្អនិងមិនទាន់ពេលវេលា លោកក៏បានផ្ដល់អនុសាសន៍កែតម្រូវ ចែករំលែកបទពិសោធន៍ដើម្បីស្ថាបនាផងដែរ ៕