ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងនគរបាលខេត្ត បន្តចុះរៀបចំសណ្តាប់ធ្នាប់តាមទីប្រជុំជន ផ្សារ តំបន់ប្រឈមគ្រោះថ្នាក់ចរាចរណ៍ ក្នុងភូមិសាស្រ្តខេត្តកំពង់ចាម

ខេត្តកំពង់ចាម៖ ដោយអនុវត្តន៍តាមគោលការណ៍របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលមាន ឯកឧត្តម អភិបាលខេត្ត អ៊ុន ចាន់ដា ជាប្រធាន ក្រោមការចង្អុលដឹកនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត នៅព្រឹកថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី សោម រស់ ស្នងការរងផែនការងារនគរបាលសណ្តាប់ធ្នាប់ បានចាត់កម្លាំងនគរបាលសណ្តាប់ធ្នាប់ ចរាចរណ៍ គ្រប់គោលដៅ គ្រប់ ក្រុង ស្រុក ចុះរៀបចំសណ្តាប់ធ្នាប់តាមទីប្រជុំជន តំបន់ ស្មុកស្មាញ និងតំបន់ប្រឈមគ្រោះថ្នាក់ចរាចរណ៍នានា ដែលបានកើតឡើងជាយថាហេតុ ក្នុងភូមិសាស្ត្រ ទឹកដីខេត្តកំពង់ចាម ជាពិសេសលើភូមិសាស្ត្រ៖ ក្រុងកំពង់ចាម ប្រជុំជនផ្សារព្រៃទទឹង ប្រជុំជនផ្សារស្គន់ ផ្សារស្រុកបាធាយ និងតំបន់មួយចំនួនទូទាំងខេត្ត។

កម្លាំងនគរបាលជំនាញក៏បានអប់រំបងប្អូន អ្នកលក់ដូរ នៅលើចិញ្ចើមផ្លូវ ចំណីផ្លូវ អ្នកប្រើប្រាស់ផ្លូវ ការចតឈប់ យានយន្ត ឱ្យមានសុវត្ថិភាព ឬ គោរពទៅតាមបទដ្ឋានគតិយុត្ត នៃការរៀបចំ របស់រដ្ឋបាល ក្រុង ស្រុក អាជ្ញាធរទៅតាមលំដាប់ថ្នាក់ ដើម្បី បង្ការទប់ស្កាត់ ស្ថានភាពកកស្ទះ និងហានិភ័យនៃការគ្រោះថ្នាក់ចរាចរណ៍កើតឡើង ។

លោកស្នងការរងក៏បានបញ្ជាក់បន្ថែមថា សកម្មភាពនេះ កម្លាំង នគរបាលជំនាញបានបន្តធ្វើជាអចិន្ត្រៃយ៍ដូចភ្លៀងរលឹម ៕