រដ្ឋបាលរាជធានី-ខេត្ត

កិច្ចប្រជុំផ្សព្វផ្សាយ​ សារាចរណែនាំ​ ស្តីពី​ នីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិកាជាតិ​ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ​ សម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៣​

បន្ទាយមានជ័យ​ ៖​ មន្ទីរសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ខេត្តបន្ទាយមានជ័យ​ និងរតនាគារខេត្ត សហការជាមួយរដ្ឋបាលខេត្ត​ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ​ សារាចរណែនាំ​ ស្តីពី​ នីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិកាជាតិ​ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ​ សម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៣​ ដែលពិធីនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាល​ នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ ដោយមានការចូលរួមពីប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក​ បឹង​ គឹមសឹង​ ប្រធានមន្ទីរសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ លោក​ យុត ស្វីនី​ ប្រធានរតនាគារខេត្ត​ អភិបាលក្រុង-ស្រុក​ លោក- លោកស្រី​ មន្ទីរ​ ស្ថាប័ន​ អង្គភាពពាក់ព័ន្ធ​ មេឃុំ ចៅសង្កាត់​ ស្មៀន​ ទូទាំងខេត្តបានចូលរួមនៅរសៀលថ្ងៃចន្ទ ១២ រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ នៅសាលប្រជុំ​ធំ​ សាលាខេត្តបន្ទាយមានជ័យ។

លោក​ បឹង​ គឹមសឹង​ ប្រធានមន្ទីរសេដ្ឋកិច្ច​ បានមានប្រសាសន៍​ថា​ ៖​ ផ្អែកលើក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ រាជរដ្ឋាភិបាលបានដាក់ចេញនូវសារាចរណែនាំរបស់រាជរដ្ឋាភិបាលលេខ ០៤ សរណន ចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ ស្តីពីការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ដើម្បីផ្ដល់ជាគោលការណ៍ណែនាំថ្មីៗសម្រាប់ជាមូលដ្ឋាន និងជាក្របខ័ណ្ឌ សម្រាប់ការរៀបចំកញ្ចប់ថវិកា ឆ្នាំ២០២៣។​ លោកបន្តថា​ ៖ ផ្អែកលើសារាចរណែនាំរបស់រាជរដ្ឋាភិបាលនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំ សារាចរណែនាំស្ដីពីនីតិវិធីបច្ចេកទេស នៃការរៀបចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់ ការគ្រប់គ្រងឆ្នាំ២០២៣ ដើម្បីកំណត់នូវក្របខ័ណ្ឌ និងវិធានការបង្កើនប្រសិទ្ធភាពនៃការប្រមូលចំណូល អាទិភាពចំណាយ និងគោលការណ៍សំខាន់ៗសម្រាប់បង្កើនប្រសិទ្ធភាពនៃការអនុវត្តថវិការបស់រដ្ឋបាល ថ្នាក់ក្រោមជាតិ និងការវិភាគថវិកាដោយផ្អែកលើលទ្ធភាពជាក់ស្តែងនៃទំហំថវិកា និងអាទិភាពគោលនយោបាយរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

នាឱកាសនោះ​ ឯកឧត្តម​ អ៊ុំ​ រាត្រី​ បានមានប្រសាសន៍ថា​ ៖​ រាជរដ្ឋាភិបាលបានដាក់ចេញនូវ «យុទ្ធសាស្ត្រនៃការកែទម្រង់​ប្រព័ន្ធថវិកា​ រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០១៩-២០២៥» ដែលជាការកែទម្រង់រយៈពេលវែង និងគ្រប់ជ្រុងជ្រោយ ក្នុងគោលដៅពង្រឹង និងពង្រីកការអនុវត្ត «ថវិកាកម្មវិធី» ជាបណ្ដើរៗ ដើម្បីធានាឱ្យបានការផ្សារភ្ជាប់ ថវិកាទៅនឹងគោលនយោបាយ ជាពិសេសគោលបំណងគោលនយោបាយរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវតម្រឹមជាមួយនឹងគោលបំណង/ អាទិភាពគោលនយោបាយជាតិ។

ឯកឧត្តម​ បញ្ជាក់​ថា​ ៖​ ក្នុងគោលដៅនេះ ការធ្វើសមាហរណកម្ម ផែនការនីយកម្មមានភាពចាំបាច់ ដើម្បីឱ្យផែនការយុទ្ធសាស្ត្ររដ្ឋបាលថ្នាក់ក្រោមជាតិមានការផ្សារភ្ជាប់ ទំនាក់ទំនងគ្នា បំពេញឱ្យគ្នា និងប្រទាក់ក្រឡាគ្នាទៅវិញទៅមក និងតម្រឹមទៅនឹងផែនការយុទ្ធសាស្ត ថ្នាក់ជាតិ (មន្ទីរជំនាញរាជធានី-ខេត្ត)។ ទន្ទឹមនឹងការធ្វើសមាហរណកម្មផែនការយុទ្ធសាស្ត្រថវិកា គឺការធ្វើការកែលម្អ និងផ្លាស់ប្ដូរជាជំហានៗ​ វដ្ដថវិកានៃរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ពិសេស កំណត់ឱ្យបានត្រឹមត្រូវ ច្បាស់លាស់អំពីសិទ្ធិអំណាច និងការទទួលខុសត្រូវនៅតាមដំណាក់កាល នៃវដ្តថវិកា ដែលរួមទាំងការធ្វើស្ថាប័ននីយកម្មជាបណ្ដើរៗនៃរបាយការណ៍ហិរញ្ញវត្ថុនៅថ្នាក់ក្រោមជាតិ៕​