ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

អ្នកកាសែតម្នាក់ គេចខ្លួន ពីខេត្តកំពង់ធំ មកឃាត់ខ្លួនបាននៅបន្ទាយមានជ័យ ពីបទចោទកំហែងយក

បន្ទាយមានជ័យ ៖ នគរបាល០២ខេត្តបានអនុវត្តដីការបង្គាប់ឲ្យនាំខ្លួន របស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ធំដោយចាប់ឃាត់អ្នកកាសែតម្នាក់ដែលគេចខ្លួនពីខេត្តកំពង់ធំ ទៅស្នាក់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងបទចោទកំហែងយក ខណ:បុគ្គលនេះបន្តប្រព្រឹត្តបទល្មើសនេះដដែលៗ ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំបានឲ្យដឹង​ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះថា ៖ កម្លាំងនគរបាលខេត្តទាំង០២ពិតជាសហការចាប់និងនាំខ្លួនឈ្មោះ ហ៊ាង លីហាក់ ភេទប្រុស អាយុ៥២ឆ្នាំ ដែលមានទីលំនៅបច្ចុប្បន្នភូមិកំពង់ចិន ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ នោះមែន កាលពីម៉ង៨យប់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ នៅផ្ទះសំណាក់មួយនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ហើយការឃាត់ខ្លួននេះគឺធ្វើឡើងតាមដីកាបង្គាប់ឲ្យនាំខ្លួនលេខ៦៣ អនខ/២២ ចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ របស់លោក អែម សុទ្ធសច្ចា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ធំ យោងសំណុំរឿងព្រហ្មទ័ណ្ឌលេខ៦៧៤ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ របស់អយ្យការអមសាលាដំបូងខេត្តកំពង់ធំ ,ដីការបញ្ជូនរឿងឲ្យស៊ើបសួរលេខ១៤៤អក/២០២២ ចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ និងសំណុំរឿងស៊ើបសួរលេខ១៥៧ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ របស់សាលាដំបូងខេត្តកំពង់ធំ បានយល់ឃើញថា ឈ្មោះ ហ៊ាង លីហាក់ មានអត្តសញ្ញាណដូចខាងលើ ត្រូវបានដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទ :”កំហែងយក”.ប្រព្រឹត្តនៅចំណុចភូមិអូរពកសាមគ្គី ឃុំមានរឹទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ អំឡុងឆ្នាំ២០២០ កន្លងមក បទល្មើសព្រហ្មទ័ណ្ឌមានចែងនិងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៣៦៣និង៣៦៤ នៃក្រមព្រហ្មទ័ណ្ឌឆ្នាំ២០០៩ ។ បទចោទនេះ បើយោងព័ត៌មានពីខេត្តកំពង់ធំឲ្យដឹងថា ៖ គឺទាក់ទិននឹងបណ្តឹងរបស់ឈ្មួញរកស៊ីឈើនិងមន្ត្រីបរិស្ថាន ដែលប្តឹងពីការជំរិតទារប្រាក់(កំហែងយក) ។

ចំណែកមន្ត្រីនគរបាលព្រហ្មទ័ណ្ឌកំរិតស្រាល ខេត្តបន្ទាយមានជ័យនិងក្រុងប៉ោយប៉ែត បានស្រង់ចម្លើយរបស់ឈ្មោះហ៊ាង លីហាក់ បានឆ្លើយសារភាពថា គេបានចេញពីខេត្តកំពង់ធំមកក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ជាង១០ថ្ងៃមុន ក្នុងអំឡុងខែមិថុនា ទៅស្នាក់នៅបន្ទប់នៃផ្ទះសំណាក់ប៉ូប៉ូ ក្នុងក្រុងប៉យប៉ែត គោលបំណងគេចខ្លួនពីដីកាតុលាការ ឲ្យហួសពីសុពលភាពសិន ហើយរង់ចាំឲ្យមេធាវីចូលទៅធ្វើការជំនួស ។ តែពេលនេះ ត្រូវចាប់ខ្លួនទៅ ។

យោងប្រភពព័ត៌មាននានានិងពីសមត្ថកិច្ចឲ្យដឹងថា ៖ ក្នុងអំឡុងថាគេចខ្លួនទៅនៅក្រុងប៉ោយប៉ែត​នោះ  ឈ្មោះនេះ មិនបានសម្ងំលាក់ខ្លួនអ្វីទេ ។ ប៉ុន្តែថែមទាំងបានចេញធ្វើដំណើរសកម្មភាពផ្សេងៗជាធម្មតា រួមទាំងទាក់ទិននឹងយកព័ត៌មាន ដែលមានលាយឡំនឹងប្រព្រឹត្តបទកំហែងយកថ្មីៗជាច្រើនករណីទៀតនៅខេត្តបន្ទាយមានជ័យជាដើម ។

ក្នុងនោះ យោងបណ្តឹងរបស់លោកប្រធានមន្ទីរធម្មការនិងកិច្ចការសាសនាខេត្តបន្ទាយមានជ័យឲ្យដឹងថ្ងៃទី១២​ ខែកក្កដា ឆ្នាំ២០២២នេះ លោកក៏រងនូវការកំហែងយកពីឈ្មោះ ហ៊ាង លីហាក់ រហស្សនាម”ជលសារ”នេះដែរ ដោយភ្ជាប់លោកទៅនឹងការបង្កើតនិងប្រឌិតរឿងរ៉ាវមួយចំនួន ។

លោកបន្តថា ៖ ឈ្មោះនេះបានប្រើប្រាសប្រព័ន្ធលេខទូរស័ព្ទមួយចំនួន រួមទាំងបណ្តាញសង្គមហ្វេស​ប៊ុក( Messenger),Telegram ដើម្បីសួរលោក របៀបសួរចម្លើយនិងទាមទារ  មិនមែនសួររបៀបសម្ភាសន៍បំភ្លឺព័ត៌មានឡើយ ។គឺឈ្មោះ ហ៊ាង លីហាក់ ថា ជាចាងហ្វាង ,ជាអ្នកសាព័ត៌មានដូចជា ឆៃវីរ:យុទ្ធ, និងប្តូរឈ្មោះទៅថ្មីៗជាច្រើនទៀត ព្រមទាំងបណ្តាញសង្គមដាក់ឈ្មោះស្វែងរកការពិតក្នុងសង្គម, លីហាក់  ហ៊ាង,ចំរើន រឹទ្ធ,មេបញ្ជាការ ជាដើម ។ ក្នុងនោះសាម៉ីខ្លួនរូបនេះ ក៏ភ្ជាប់ខ្លួនទៅអង្គភាពរដ្ឋ  មន្ត្រីនិងអង្គភាពសមាគមអ្នកសារព័ត៌មានមួយទៀតផងដែរ ។

ករណីចោទប្រកាន់ដូចខាងលើ ឈ្មោះ ហ៊ាង លីហាក់ បានឆ្លើយប្រាប់សមត្ថកិច្ចនគរបាល ដោយទទួលស្គាល់បទប្រព្រឹត្តល្មើសមួយចំនួន និងបដិសេធមួយចំនួន ។ ពោលគឺឈ្មោះនេះឆ្លើយដូច្នេះ  ខណ:កម្លាំងនគរបាលនៃខេត្តទាំង០២ខាងលើបានផ្ទេរ ប្រគល់លោកពីស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យទៅកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បីបញ្ជូនបន្តទៅសាលាដំបូងខេត្តកំពង់ធំកាលពីថ្ងៃទី១២ ខែកក្កដានេះ ៕