ព័ត៌មានអន្តរជាតិ

ស្រីលង្កាសល់ប្រេងឥន្ធនៈបម្រុងមិនគ្រប់សម្រាប់ប្រើប្រាស់មួយថ្ងៃទៀតនោះទេ ខណៈបញ្ហាវិបត្តិសេដ្ឋកិច្ចកាន់តែធ្លាក់ដុនដាប

(កូឡុំបូ)៖ តាមការប្រកាសរបស់រដ្ឋមន្ត្រីថាមពលស្រីលង្កាកាលពីថ្ងៃអាទិត្យម្សិលមិញបានឲ្យដឹងថា ប្រទេសស្រីលង្កានៅសល់ប្រេងឥន្ធនៈមិនគ្រប់សម្រាប់ប្រើប្រាស់មួយថ្ងៃទៀតនោះទេ ដោយសង្កត់ធ្ងន់ថា ការដឹកជញ្ជូនសាធារណៈបានឈានដល់ការជាប់គាំង ខណៈដែលវិបត្តិសេដ្ឋកិច្ចរបស់ប្រទេសធ្លាក់ដុនដាបកាន់តែអាក្រក់ទៅ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី០៣ ខែកក្កដា ឆ្នាំ២០២២។

ប្រាប់ទៅកាន់អ្នកយកព័ត៌មាននៅទីក្រុងកូឡុំបូ រដ្ឋមន្ត្រីថាមពលស្រីលង្កា លោក Kanchana Wijesekera បាននិយាយថា ប្រេងសាំងបម្រុងរបស់ប្រទេសមានប្រហែល ៤,០០០តោនប៉ុណ្ណោះ ហើយចំនួននេះគឺទាបជាងតម្រូវការប្រើប្រាស់សម្រាប់មួយថ្ងៃ។

លោក Wijesekera បានបន្តថា «ការដឹកជញ្ជូនប្រេងបន្ទាប់ត្រូវបានរំពឹងទុកនៅចន្លោះថ្ងៃទី២២ និង២៣ (ខែកក្ដដា)» ហើយលោកបានបន្ថែមនថា «យើងបានទាក់ទងទៅអ្នកផ្គត់ផ្គង់ផ្សេងទៀត ប៉ុន្តែយើងមិនអាចបញ្ជាក់ពីការផ្គត់ផ្គង់ថ្មីណាមួយ នៅមុនថ្ងៃទី២២ នោះទេ»

សូមជម្រាបថា វិបត្តិខ្វះប្រេងរបស់ប្រទេសស្រីលង្កាបានកើតឡើងដោយសារការពន្យារពេលផ្គត់ផ្គងដោយគ្មានកាលកំណត់ពីសំណាក់អ្នកផ្គត់ផ្គងនេះ ដោយសារតែហេតុផលទាក់ទងនឹងផ្នែកហិរញ្ញាវត្ថុរបស់ប្រទេសនេះ។

ប្រជាជនស្រីលង្កានៅតែបន្តរង់ចាំនៅលើដងផ្លូវ និងតម្រង់ជួរយ៉ាងវែងអន្លាយនៅតាមស្ថានីយ៍ចាក់សាំងនានាដោយសង្ឃឹមថា នឹងអាចចាក់សាំងយានជំនិះរបស់ពួកគេ។

ប្រទេសស្រីលង្កាបានទទួលបរាជ័យក្នុងការគ្រប់គ្រងបំណុលដែលខ្លួនបានខ្ចីពីប្រទេសឫស្ថាប័ននានា ហើយកាលពីសប្តាហ៍កន្លងទៅ រដ្ឋាភិបាលប្រទេសមួយនេះបានប្រកាសពីការក្ស័យធនតែម្តង៕

ប្រភព៖ AFP, Fresh News