ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

លោក វ៉ៅ សុខា អភិបាលរងខេត្តកែប អញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្ត

ខេត្តកែប៖ រសៀលថ្ងៃពុធ ១កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ លោក វ៉ៅ សុខា អភិបាលរងខេត្តកែប បានអញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តកែប។

ថ្លែងសំណេះសំណាលនាឱកាសនោះ លោក វ៉ៅ សុខា លើកឡើងថា ពិធីជួបសំណេះសំណាលនេះ ធ្វើឡើងដើម្បីសួរសុខទុក្ខ ណែនាំតម្រង់ទិស និងរបៀបរបបការងារ សំដៅទៅលើការ ពង្រឹងវិស័យផ្សព្វផ្សាយព័ត៌មាន ក្នុងខេត្តអោយកាន់តែមានប្រសិទ្ធភាព។
លោក​ អភិបាល​រងខេត្ត​ បានបន្ថែមថា ដោយសារខេត្តកែប ជាខេត្តមានសក្ដានុពលលើវិស័យទេសចរណ៍ដូច្នេះប្រព័ន្ធផ្សព្វផ្សាយក្នុងខេត្ត ពិតជាដើរតួនាទីយ៉ាងសំខាន់ សំដៅការបញ្ជ្រាបនូវសក្ដានុពលទេសចរណ៍ក្នុងខេត្តជូនដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិ កាន់តែស្គាល់ខេត្តកែប និងមកសម្រាកលំហែរនៅក្នុងខេត្តកែប​ កាន់តែច្រើនឡើងថែមទៀត។

​ ​ ក្នុងឱកាសនោះ លោក​ អភិបាល​រងខេត្ត​ បានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរ ក៏ដូចជាមន្ត្រីរាជការមន្ទីរព័ត៌មានខេត្ត​ សូមខិតខំយកចិត្តទុកដាក់ ពង្រឹងសមត្ថភាពរបស់ខ្លួនអោយកាន់តែខ្លាំងក្លាថែមទៀត ដើម្បីអោយការផ្សព្វផ្សាយកាន់តែមានប្រសិទ្ធភាព ពិសេសអោយទាន់ការរីកចម្រើន នៃបច្ចេកវិទ្យា ឌីជីថល ៤.០ នាពេលបច្ចុប្បន្ន។

ឯកឧត្តម សង្កត់ធ្ងន់អោយមន្ត្រីយកចិត្តទុកដាក់ អនុវត្តទៅតាមប្រកាស ប្រព្រឹត្ដទៅ នៃមន្ទីរព័ត៌មាន​ខេត្ត​កែប​ ដែលបានបែងចែកយ៉ាងច្បាស់ អំពីតួនាទីភារកិច្ច និងរបៀបរបបធ្វើការងារ ដោយឈរលើគោលការណ៍ អ្នកតូចគោរពអ្នកធំ តាមឋានានុក្រម។ ឯកឧត្តម បន្ថែមថា ទោះមានចំណេះវិជ្ជាខ្ពស់ រៀនបានច្រើនក៏ដោយ តែបើរស់នៅខ្វះសីលធម៌នោះនឹងធ្វើអោយយើងបាត់បង់កិត្តិយស សេចក្ដីថ្លៃថ្នូ ជាពិសេសក្នុងនាមជាមន្ត្រីរាជការ ។​ ដូចនេះសូមអោយប្អូនៗ មន្ត្រីរាជការ ក៏ដូចជាថ្នាក់ដឹកនាំ រក្សាអោយបាននូវសាមគ្គីភាព ឯកភាពផ្ទៃក្នុង ចេះស្រលាញ់រាប់អានគ្នា ក្នុងនាមជាគ្រួសារមន្ត្រីរាជការ ធ្វើអ្វីក៏ដោយ គោរពទៅតាមច្បាប់ ទើបរក្សាបាននូវភាពសុខសាន្ដ ៕