ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ត្រី ឆាយ សុភ័ក្ត្រ ជួបសំណេះសំណាល ណែនាំដល់សិក្ខាកាម ដើម្បីទៅបំពេញកម្មសិក្សា វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៥

ពោធិ៍សាត់៖  នៅព្រឹកថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក .ស២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី ឆាយ សុភ័ក្ត្រ ស្នងការរងផែនការងារធនធានមនុស្ស តំណាងខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ថេង ស្នងការនគរបាលខេត្ត បានជួបសំណេះសំណាល ជាមួយសិក្ខាកាមចំនួន២០នាក់ ដើម្បីទៅបំពេញកម្មសិក្សា វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៥ លើកទី២ រយៈពេល០៤ខែ នៅសាលានគរបាលជាតិភូមិភាគ៥ ខេត្តបាត់ដំបង និងទទួលសិក្ខាកាមចំនួន៤៨នាក់ ដែលបានបញ្ចប់កម្មសិក្សារយៈពេល០៤ខែ ចាត់បញ្ជូនទៅបម្រើការនៅតាមអង្គភាពដើមវិញ

មានប្រសាសន៍ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ត្រី ស្នងការរង បានណែនាំផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ដែលត្រូវទៅរៀននៅសាលានគរបាលជាតិ ត្រូវប្រឹងប្រែងខិតខំសិក្សាស្វែងយល់ក្រេបយកចំណេះដឹង គោរពច្បាប់វិន័យ និងបទបញ្ជាផ្ទៃក្នុងរបស់សាលាទទួលបានលទ្ធផលល្អប្រសើរ

លោកស្នងការរង ក៏បានណែនាំដល់សិក្ខាកាមដែលទើបបញ្ជប់វគ្គសិក្សាពីសាលានគរបាលជាតិភូមិភាគ៥ ត្រូវយកចំណេះដឹងទាំងនោះ ទៅបម្រើការងារនៅតាមអង្គភាព ប្រកបដោយវិជ្ជាជីវៈ សេចក្តីថ្លៃថ្នូរ សីលធម៌ល្អ និងរក្សាកិត្តិយសជាមន្ត្រីនគរបាលជាតិទទួលបានការគោរពស្រឡាញ់ពីសំណាក់ថ្នាក់ដឹកនាំអង្គភាព និងប្រជាពលរដ្ឋ  ការលើកសរសើរ និងតំឡើងឋានន្តរសក្តិ និងធ្វើជាគំរូល្អដល់បងប្អូនកងកម្លាំងដែលត្រូវបំពេញកម្មសិក្សាជំនាន់ក្រោយៗទៀត