ព័ត៌មានក្នុងប្រទេស

កិច្ចប្រជុំស្តីពីការអនុវត្តផែនការសកម្មភាព និងថវិកា ឆ្នាំ២០២២ នៃគម្រោងសេវាសង្គម សម្រាប់ការគាំទ្រ និងជំរុញសកម្មភាពចាក់វ៉ាក់សាំងកូវីដ-១៩ ប្រកបដោយបរិយាបន្ន នៅខេត្តកោះកុង

ខេត្តកោះកុងថ្ងៃអង្គារ រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែមិថុនាឆ្នាំ២០២២លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ស្តីពីការអនុវត្តផែនការសកម្មភាព និងថវិកា ឆ្នាំ២០២២ នៃគម្រោងសេវាសង្គម សម្រាប់ការគាំទ្រនិងជំរុញសកម្មភាពចាក់វ៉ាក់សាំងកូវីដ១៩ ប្រកបដោយបរិយាបន្ន នៅខេត្តកោះកុង

លោកអភិបាលរងខេត្ត បានគូសបញ្ជាក់ថា កន្លងមកដោយមានកិច្ចសហការជាមួយនឹងយូនីសេហ្វក្រសួងមហាផ្ទៃបាន និងកំពុងអនុវត្ត គម្រោងលើកកម្ពស់វិស័យសេវាសង្គមនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការងារភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ការទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ១៩ និងគម្រោងមួយចំនួនទៀត។ក្រសួងមហាផ្ទៃ បានស្នើអភិបាល នៃគណៈអភិបាលខេត្ត រៀបចំបង្កើតក្រុមការងារគាំទ្រគម្រោងលើកកម្ពស់វិស័យសេវា សង្គមនៃរដ្ឋបាលខេត្តដែលគាំទ្រដោយយូនីសេហ្វ និងក្រុមមន្ត្រីអនុម័ត និងមន្ត្រីពិនិត្យបញ្ជាក់គម្រោងលើកកម្ពស់វិស័យសេវាសង្គម។ ក្រុមការងារគាំទ្រគម្រោងនេះមានភារកិច្ចសម្របសម្រួលជាមួយនឹងអង្គភាពឬក្រុមការងារពាក់ព័ន្ធនឹងការងារសេវាសង្គមនានា។ ផ្អែកតាមផែនការសកម្មភាព ឆ្នាំ២០២១២០២៣ យូនីសេហ្វនឹងគាំទ្រដល់រដ្ឋបាលរាជធានី ខេត្តលើការទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ១៩ ដោយផ្តោតលើការគាំទ្រគណៈកម្មការ ឬអនុគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ តាមរដ្ឋបាល រាជធានី ខេត្តនីមួយៗ ហេតុនេះក្រុមការងារគាំទ្រគម្រោងលើកកម្ពស់វិស័យសេវាសង្គម ត្រូវសម្របសម្រួល និងគាំទ្រដល់គណៈកម្មការឬអនុគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក្នុងការអនុវត្តកិច្ចការនេះ។ ក្រោយពីបានរៀបចំក្រុមការងារគាំទ្រគម្រោងលើកកម្ពស់វិស័យសេវាសង្គមនៃរដ្ឋបាលខេត្ត និងតែងតាំងមន្រ្តីអនុម័ត និងមន្រ្តីពិនិត្យបញ្ជាក់នៃខេត្តកោះកុងរួចរាល់ ក្រុមការងារក៏បានចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីការអនុវត្តផែនការសកម្មភាព និងថវិកាគម្រោងសេវាសង្គម និងបានទទួលថវិកា សេវាសង្គម លើសកម្មភាពចំនួន០២គឺ៖

/ការទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ១៩

/ការអនុវត្តការងារភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។

សម្រាប់កិច្ចប្រជុំនាថ្ងៃនេះយើងនឹងជជែកអំពីផែនការសកម្មភាព និងថវិកា ឆ្នាំ២០២២ នៃគម្រោងសេវាសង្គម សម្រាប់ការគាំទ្រ និងជំរុញសកម្មភាពចាក់វ៉ាក់សាំងកូវីដ១៩ ប្រកបដោយបរិយាបន្ន និងបានជោគជ័យតាមគោលដៅនៅខេត្តកោះកុង៕