ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោក ឧត្តមសេនីយ៍ត្រី វង្ស វិត នាំយកថវិកាចំនួន៦លានរៀល និងថវិកា១លានរៀល របស់នគរបាលស្រុកអូរជ្រៅ ប្រគល់ជូនក្រុមគ្រួសារសពលោកអនុសេនីយ៍ឯក លឿម រិត

បន្ទាយមានជ័យ ៖ ដើម្បីអនុវត្តតាមលក្ខន្តិកៈរបស់គណៈកម្មាធិកាសមាគមមិត្តនគរបាលជាតិកម្ពុជា នៅរសៀលថ្ងៃចន្ទ ៧ កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរង ទទួលផែនការងារធនធានមនុស្ស ជាអនុប្រធានគណៈកម្មាធិការសមាគមមិត្តនគរបាលជាតិកម្ពុជា ថ្នាក់មូលដ្ឋាន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យតំណាងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ជាប្រធានគណៈកម្មាធិការសមាគមមិត្តនគរបាលជាតិកម្ពុជាថ្នាក់មូលដ្ឋាន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោកវរសេនីយ៍ទោ ឱ ណារិន្ទ នាយការិយាល័យ បុគ្គលិក បាននាំយកថវិកា របស់គណៈកម្មាធិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន៦លានរៀល ទៅប្រគល់ជូនក្រុមគ្រួសារសព លោកអនុសេនីយ៍ឯក លឿម រិត អត្តលេខ៤៤៤១៦ នាយរងផ្នែក វិភាគកន្លែងកើតហេតុ នៃអធិការដ្ឋាននគរបាលអូរជ្រៅ ដែលបានទទួលមរណភាព នៅវេលាម៉ោង១២និង១៥នាទីរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២ ដោយជម្ងឺប្រចាំកាយ សពត្រូវបានរៀបចំធ្វើបុណ្យនៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ថ្លែងនាឱកាសដ៏ក្រៀមក្រំនោះ  លោកឧត្តមសេនីយ៍ត្រី វង្ស វិត ក្នុងនាមតំណាងឲ្យលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ និងក្នុងនាមលោកផ្ទាល់ សូមសំដែងនូវការចូលរួមរំលែកមរណទុក្ខ និងចូលរួមសោកស្តាយយ៉ាងក្រៃលែងជាមួយក្រុមគ្រួសារសព ដែលបានបាត់បង់ស្វាមី លោកឪពុក ជីតា ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ ធ្លាប់មានព្រហ្មវិហារធម៌ ចំពោះកូនចៅ នាគ្រាកន្លងមក ។មួយវិញទៀត ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និយាយជារួមនិងនិយាយដោយឡែក អធិការដ្ឋាននគរបាលស្រុកអូរជ្រៅ បាត់បង់មន្ត្រីនគរបាល០១រូប ដែលធ្លាប់មានស្នាដៃបំពេញភារកិច្ច បំរើជាតិមាតុភូមិ ការពារសន្តិសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានល្អប្រសើរនោះផងដែរ ។

លោកឧត្តមសេនីយ៍ត្រី វង្ស វិត បានជំរាបជូនក្រុមគ្រួសារសពថា៖ ថវិកាចំនួន៦លានរៀលដែលយកមកប្រគល់នាពេលនេះ គឺជាថវិការបស់គណៈកម្មាធិការសមាគមមិត្តនគរបាលជាតិកម្ពុជា ដែលបានផ្តួចផ្តើមបង្កើតសមាគមមិត្តនគរបាលជាតិកម្ពុជានេះឡើងដោយឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជាប្រធានគណៈកម្មាធិការសមាគមមិត្តនគរបាលជាតិកម្ពុជា និងថវិកាចំនួន១លានរៀលទៀត ជាថវិការបស់កងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ  ដែលបានប្រមូលកៀងគគ្នាយកមកចូលរួមឧបត្ថម្ភក្នុងកម្មវិធីបុណ្យផងដែរ៕