ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

តំណាងលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ ចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខ័ន្ធ សពមន្ត្រីនគរបាលខេត្ត

ខេត្តកំពង់ធំ៖ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត ចាត់តាំងលោកវរសេនីយ៍ឯក ទាន ប៉េងស៊ន ស្នងការរងផែនការងារធនធានមនុស្ស ដឹកនាំកងកម្លាំងគោរពវិញ្ញាណក្ខន្ធ សពលោកអនុសេនីយ៍ទោ ឆៅ សិរី នាយរងផ្នែក ការិយាល័យនគរបាលប្រឆាំងបទល្មើសេដ្ឋកិច្ច មរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍ ស្ថិតនៅគេហដ្ឋានសព ក្នុងភូមិថ្នល់ ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ នាព្រឹកថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ ។

លោកវរសេនីយ៍ឯក ទាន ប៉េងស៊ន ស្នងការរង
បានពាំនាំប្រសាសន៍ ផ្ដាំផ្ញើរបស់ថ្នាក់ដឹកនាំចូលរួមរំលែកជាមួយក្រុមគ្រួសារសព និងមានការសោកស្តាយអាឡោះអាល័យបំផុត ចំពោះការបាត់បង់មន្ត្រីល្អ ក្នុងជួរកងកម្លាំងនគរបាលជាតិ ហើយត្រូវជាស្វាមី ឪពុក បង ប្អូន កូន សាច់ញាតិ អ្នកផងទាំងពួងគោរពស្រឡាញ់លោក។

លោកស្នងការរង បានប្រគល់អង្ករ ១០០គីឡូក្រាម ថវិកាមួយចំនួន ជូនក្រុមគ្រួសារសព សម្រាប់ចូលរួមដោះស្រាយចំណាយកម្មវិធីបុណ្យ រួមទាំងបានបញ្ជាក់ជូនគ្រួសារសព បន្ទាប់ពីមរណភាពរបស់លោក ឆៅ សិរី មន្ត្រីជំនាញការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្ត រៀបចំចាត់ចែងដោយយកចិត្តទុកដាក់ធ្វើសំណើ ជូនថ្នាក់ដឹកនាំ ដើម្បីទទួលបានថវិកាមួយចំនួន បន្ថែមទៀត ដើម្បីឧបត្ថម្ភ ដល់គ្រួសារលោកស្រី ៕