ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងស្នងការដ្ឋាននគរបាលខេត្តសៀមរាបសហការជាមួយកម្លាំងស្នងការដ្ឋានរាជធានីភ្នំពេញ ស្វែងរកឃើញក្មេងប្រុស ០២នាក់ដែលបាត់ខ្លួន

សៀមរាប យោងតាមបទបញ្ជាលោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងការចង្អុលបង្ហាញរបស់គណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាបបានបញ្ជាទៅលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលដឹកនាំផែនព្រហ្មទណ្ឌ បេីកការស៊េីបអង្កេតស្រាវជ្រាវ និងសហការជាមួយអង្គភាពពាក់ព័ន្ធ លើករណីក្មេងប្រុសចំនួន ០២នាក់ ដែលបានបាត់ខ្លួនកាលពីថ្ងៃទី១២ ខែឧសភាឆ្នាំ២០២២ ដោយមិនដឹងមូលហេតុ

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលដឹកនាំផែនព្រហ្មទណ្ឌបានបញ្ជាក់ថា : នៅក្នុងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២វេលាម៉ោង :៣០នាទី សមត្ថកិច្ចខេត្តសៀមរាបបានទទួលព័ត៌មានថាឃើញក្មេងទាំងពីរនោះនៅក្រុងភ្នំពេញ ហើយក៏បានឲ្យលោកឧត្តមសេនីយ៍ត្រី អ៑ុំ ចំរើន ស្នងការរងទទួលដឹកនាំការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលទាក់ទងទៅលោកវរសេនីយ៍ឯក សានសុខសីហា ប្រធានក្រុមការងារប្រតិកម្មរហ័សរបស់ស្នងការរាជធានីភ្នំពេញបានចុះទៅទីតាំងវត្តថាន់ និងក្រុមការងាររបស់លោកវរសេនីយ៍ទោ សំ សុខហេន បានឆែកកាមេរ៉ាសុវត្ថិភាពក្នុងវត្តថាន់វេលាម៉ោង ០៩:០០ព្រឹក ក្នុងថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២២ ឃើញក្មេងទាំងពីរនោះដើរចេញពីក្នុងបរិវេណវត្តថាន់ទៅក្បាលថ្នល់ ក្រោយបង្ហាញវីដេអូនៃកាមេរ៉ាសុវត្ថិភាពដែលឆែកក្នុងវត្តថាន់ ឪពុកម្តាយក្មេង បានបញ្ជាក់ថារូបភាពក្មេងទាំងពីរនោះ ពិតជាកូនប្រុសទាំងពីររបស់គាត់ពិតប្រាកដមែន។

បន្ទាប់មកកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានទាក់ទងទៅសមត្តកិច្ចក្រុងភ្នំពេញជួយអន្តរាគមន៍រកក្មេងបន្តទៀត។

     

នៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ០៦ និង៣០ព្រឹក កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការជាមួយសន្តិសុខកោះពេជ្រ បានរកឃេីញក្មេងប្រុសទាំង ០២នាក់ នៅចំណុចកោះពេជ្រ សង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ

តាមការសាកសួររបស់សមត្ថកិច្ច ក្មេងប្រុសឈ្មោះ ហ៊ុន គីមហេង ភេទប្រុសអាយុ ១៤ឆ្នាំ និងឈ្មោះ ហ៑ុន វិសាល ភេទប្រុស អាយុ៩ឆ្នាំ បានឆ្លើយបំភ្លឺថា : មិនមែនជាករណីចាប់ជំរិតឬក៏ចាប់ចូលក្នុងឡានទេ តែពួកគាត់បានគេចចេញពីផ្ទះ បន្ទាប់ពីបោកកូនជ្រូកបានប្រាក់ប្រាំបីម៉ឺនប្រាំពាន់រៀលនិងបានលក់កង់បានមួយម៉ឺនរៀលទៅទិញសំបុត្ររថយន្តក្រុងដឹកអ្នកដំណើរឈ្មោះ សុ គាន់នៅមុខបុរីសៀងណាំទាំងពីរនាក់តម្លៃ ,៥០០០រៀល ជិះទៅក្រុងភ្នំពេញ ហើយចំពោះទូរស័ព្ទបានដោះស៊ីមក្រវាត់ចោល មិនបានលក់ឬបាត់ទៅណាទេ

ពេលដល់រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១២  រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ពួកគាត់បានស្នាក់នៅតាមទីសាធារណៈ និងដេីរសុំការងារគេធ្វើ

នៅចំពោះមុខសមត្ថកិច្ច និងអាណាព្យាបាល ក្មេងប្រុសឈ្មោះ ហ៊ុន គីមហេង បានបញ្ជាក់ថា : មូលហេតុដែលគេចចេញពីផ្ទះគឺរៀនអត់ចេះហើយប្រលងធ្លាក់ខ្លាចឪពុកម្ដាយស្ដីបន្ទោសក៏នាំប្អូនគេចេញពីផ្ទះតែម្តង