ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ឯកឧត្តម ជឹង ផល្លា និងក្រុមការងារ អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងដោះស្រាយសំណូមពរជូនប្រជាពលរដ្ឋនៅឃុំចំនួន២ ក្នុងស្រុកបន្ទាយមាស

ខេត្តកំពត៖ នៅថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំខាល ចត្វាស័កស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ជឹង ផល្លា អនុប្រធានគណបក្ស ប្រធានគណៈប្រចាំការនៃគណៈកម្មាធិការគណបក្សខេត្តនិងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបន្ទាយមាស អមដំណើរដោយ ឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ឯឧត្តមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកប្រធាន អនុប្រធានគណបក្សស្រុក និងមន្ត្រីភូមិ ឃុំ បានអញ្ជើញជួបសំណេះសំណាលនិងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ព្រមទាំងអញ្ជើញពិនិត្យមើលអំពីវឌ្ឍនភាពនៃការដោះស្រាយសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ក្នុងឃុំ២គឺ ឃុំទូកមាសខាងលិច និងឃុំស្តេចគង់ខាងលិច ។
១-ឃុំទូកមាសខាងលិច
ឯកឧត្តមប្រធានក្រុមការងារគណបក្សបានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិកោះទន្សាយ ឃុំទូកមាសខាងលិច ដើម្បីសិក្សាស្វែងយល់ពីបញ្ហាប្រឈមនិងសំណើសំណូមពរនានាក្នុងមូលដ្ឋាន ។
ក្នុងពិធីសំណេះសំណាលនេះ បងប្អូនប្រជាពលរដ្ឋបានស្នើសុំឯកឧត្តមប្រធានជួយជួសជុលផ្លូវលំមួយខ្សែ ប្រវែង២៣០០ម៉ែត្រ ដែលមានការខូចខាតលំបាកក្នុងការធ្វើដំណើរ ។
ជាមួយគ្នានេះដែរ ឯកឧត្តមប្រធានបានទទួលយកនូវសំណើរសំណូមពរខាងលើ ដោយជួយជុសជុលផ្លូវប្រវែង២៣០០ម៉ែត្រ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងពេលឆាប់ៗខាងមុខនេះ ។
បងប្អូនប្រជាពលរដ្ឋសប្បាយរីករាយបំផុតដែលឯកឧត្តមប្រធានបានដោះស្រាយនិងឆ្លើយតបតាមតម្រូវការចាំបាច់របស់គាត់បានទាន់ពេលវេលា ។
ក្នុងពិធីនេះដែរឯកឧត្តមប្រធានបានផ្តល់ជូនបងប្អូនប្រជាពលរដ្ឋដែលចូលរួមចំនួន៥៥នាក់ នូវក្រមាម្នាក់មួយៗផងដែរ។

២-ឃុំស្តេចគង់ខាងលិច
បន្ទាប់ពីសំណេះសំណាលនិងជួយដោះស្រាយសំណូមពរបងប្អូនប្រពលរដ្ឋឃុំទូកមាសខាងលិច រួចមកឯកឧត្តមប្រធាន និងក្រុមការងារបានបន្តដំណើរជួបសំណេះសំណាលនិងចុះពិនិត្យ គម្រោងជួសជុលគ្រួសក្រហម និងការសាងសង់លូរភ្លោះរំដោះទឹក ឆ្លងកាត់២ភូមិ (ភូមិឈើទាល ភូមិរំពើន ) មានប្រវែង៣៧៥០ម៉ែត្រ តាមសំណូមពរពីប្រជាពលរដ្ឋដែលបានស្នើឯកឧត្តមប្រធានកន្លងមក ។ គម្រោងនេះអនុវត្តបានប្រមាណ៥០% ហើយ។

ក្នុងពិធីនេះដែរឯកឧត្តមប្រធានបានផ្តល់ជូនបងប្អូនប្រជាពលរដ្ឋដែលចូលរួមចំនួន៧៤នាក់ នូវក្រមាម្នាក់មួយៗផងដែរ ៕