ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្ដមព្រឹទ្ធាចារ្យ ហ៊ុន ណេង សមាជិកអចិន្ត្រៃយ៍រដ្ឋសភា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការទី៤ នៃរដ្ឋសភា

ខេត្តកំពង់ឆ្នាំង៖ នៅរសៀលថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយឯកឧត្ដម ឡុច វណ្ណារ៉ា សមាជិកក្រុមប្រឹក្សាខេត្ត បានដឹកនាំប្រតិភូថ្នាក់ដឹកនាំខេត្ត កងកម្លាំងទាំងបី មន្ទីរ អង្គភាព និងក្រុង ស្រុក ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្ដមព្រឹទ្ធាចារ្យ ហ៊ុន ណេង សមាជិកអចិន្ត្រៃយ៍រដ្ឋសភា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការទី៤ នៃរដ្ឋសភា នៅគេហដ្ឋាននៃសព ដែលមានទីតាំងស្ថិតនៅភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

មរណភាពរបស់ឯកឧត្ដមព្រឹទ្ធាចារ្យ ហ៊ុន ណេង គឺជាការបាត់បង់នូវស្វាមី ឪពុក និងជីតា ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ ប្រកបដោយព្រហ្មវិហារធម៌ និងទឹកចិត្តសណ្ដោសប្រណីដ៏ថ្លៃថ្លាបំផុត ពិសេសគឺជាការបាត់បង់ដ៏ធំធេងនូវឥស្សរជននយោបាយដ៏ឆ្នើមមួយរូបរបស់ជាតិ ដែលបានចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុកសាង អភិវឌ្ឍន៍ប្រទេសជាតិ ប្រកបដោយឆន្ទៈ មនសិកាស្នេហាជាតិមាតុភូមិដ៏ជ្រាលជ្រៅបំផុត និងបានរួមចំណែកយ៉ាងធំធេងក្នុងការដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ ប្រកបដោយឧត្ដមគតិខ្ពង់ខ្ពស់ជាអនេកប្បការ។

ក្នុងឱកាសដ៏សែនក្រៀមក្រំ ពោរពេញទៅដោយសមានទុក្ខ និងដោយសេចក្ដីសោកសង្វេគ សោកស្ដាយ អាឡោះអាល័យជាពន់ពេកនេះ យើងខ្ញុំទាំងអស់គ្នាជាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង សូមចូលរួមនូវមរណទុក្ខដ៏សែនក្រៀមក្រំបំផុតជាមួយ លោកជំទាវ លាង វួចឆេង ហ៊ុន ណេង ព្រមទាំងក្រុមគ្រួសារ និងសូមលំឱនកាយលើកហត្ថឧទ្ទិសបួងសួង សូមឲ្យដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្ដមព្រឹទ្ធាចារ្យ ហ៊ុន ណេង បានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕