ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការការងារត្រៀមចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ដូសទី៣ និងទី៤ ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី នៅទូទាំងខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃពុធ ៤រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការការងារត្រៀមចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ដូសទី៣ និងទី៤ ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី នៅទូទាំងខេត្តកំពង់ឆ្នាំង ដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ ប៉ូ វណ្ណៈ មេបញ្ជាការរង នាយសេនាធិការ និងជាប្រធានប្រតិបត្តិចាក់វ៉ាក់សាំង យោធភូមិភាគពិសេស និង ឯកឧត្ដម អម សុភា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារចាក់វ៉ាក់សាំងខេត្តកំពង់ឆ្នាំង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីបណ្តាមន្ទីរ អង្គភាពពាក់ព័ន្ធ ព្រមទាំងអភិបាលក្រុង/ស្រុកទាំង៨ ក្នុងខេត្តកំពង់ឆ្នាំងផងដែរ ។

មានមតិបើកអង្គប្រជុំ ឯកឧត្តម ឧត្តមសេនីយ៍ទោ ប៉ូ វណ្ណៈ បានដាក់ចេញនូវផែនការ ចុះយុទ្ធនា ការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូស ជំរុញ ទី៣ ទី៤ ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនីនៅតាមបណ្ដារោងចក្រសហ គ្រាសនានា អាជីវករ នៅទូទាំងខេត្តកំពង់ឆ្នាំង ត្រូវបានចាក់វ៉ាក់សាំង ដូស ជម្រុញ (ទី៣ និង ទី៤) ឲ្យបានគ្រប់គ្នា នឹងធ្វើយ៉ាងណា មិនឱ្យប្រជាពលរដ្ឋ បាត់បង់ពេលវេលា និងការរកស៊ីទទួល ទានរបស់ពួកគាត់ឡើយ ។
ដូច្នេះ ក្រុមការងារគ្រូពេទ្យ ត្រូវផ្តល់ការចាក់វ៉ាក់សាំង នៅកន្លែងប្រជុំជនមានប្រជាពលរដ្ឋច្រើន និងបន្ត ចាក់វ៉ាក់សាំងដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋបន្ថែមទៀត ។

បន្ទាប់ពីស្តាប់របាយការណ៍ និងមតិចូលរួមរបស់គ្រប់បណ្តាក្រុង/ស្រុក និងអង្គភាពពាក់ព័ន្ធ ឯកឧត្តម អម សុភា បានសំណូមពរដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមសហការឲ្យបានម៉ត់ចត់ ផ្តល់ភាពងាយស្រួល ដល់ក្រុមការងារចាក់វ៉ាក់សាំងរបស់កងទ័ព ដើម្បីឈានទៅសម្រេចគោលដៅចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅទូទាំងខេត្តកំពង់ឆ្នាំង បានគ្រប់ចំនួនដូស គ្រប់ៗគ្នា ៕