ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តកណ្តាល អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ជូនមជ្ឍមណ្ឌលសំលេងនៃក្តីសង្ឃឹម

ខេត្តកណ្តាល៖ រសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តកណ្តាល រួមជាមួយប្រតិភូសាខា អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ប្រគល់ជូនមជ្ឍមណ្ឌលសំលេងនៃក្តីសង្ឃឹម ស្ថិតនៅភូមិកំពង់សំណាញ់១ ឃុំកំពង់សំណាញ់១ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
មានប្រសាសន៍នាឱកាសចុះសួរសុខទុក្ខនេះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹកបំផុត។
ឯកឧត្តមបន្តថា អនុវត្តតាមគោលនយោបាយ និងបេសកម្មការងារមនុស្សធម៌របស់កាក បាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅគ្រប់ពេលវេលា គ្រប់ទីកន្លែង ដោយមិនប្រកាន់នូវពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ។
ឯកឧត្តមបន្ថែមថា សាខាកាកបាទក្រហមកម្ពុជាខេត្ត តែងតែបានផ្តល់នូវអំណោយមនុស្សធម៌ ជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ជូនដល់មជ្ឍមណ្ឌលសំលេងនៃក្តីសង្ឃឹម ដើម្បីទ្រទ្រង់សកម្មភាពរបស់មជ្ឍមណ្ឌល ក្នុងការជួយដល់កុមារកំព្រាឱ្យទទួលបានឱកាសក្នុងការសិក្សារៀនសូត្រ ។ សាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយក អំណោយមនុស្សធម៌ រួមមាន៖ អង្ករ ២តោន មី ២០កេស ត្រីខកំប៉ុង ៤កេស ទឹកសុទ្ធចំណុះ ២០លីត្រ ២០ដបធំ អាល់កុល១កាន ម៉ាស់ ១កេសធំ ជែល ៤កេស និងថវិកា ៤លានរៀលផងដែរ ក្នុងនោះដែរបុគ្គលិកមជ្ឍមណ្ឌល១៦ម្នាក់ៗថវិកា ៥ម៉ឺនរៀល ចាស់ជរា និងជនពិការ៩នាក់ម្នាក់ៗ៤ម៉ឺនរៀល និងក្មេងកំព្រា៥៧ម្នាក់ៗថវិកា ២ម៉ឺនរៀល។
ក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានផ្តាំផ្ញើដល់ លោកគ្រូ អ្នកគ្រូ ក្មេងកំព្រា និងអាជ្ញាធរស្រុកក្រុងតាខ្មៅ និងប្រជាពលរដ្ឋទាំងអស់ សូមកុំមានការធ្វេសប្រហែស ជាមួយជំងឺកូវីដ-១៩ ត្រូវបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការរបស់ក្រសួងសុខាភិបាល ពិសេសអនុវត្តឱ្យបានអនុសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី រួមមាន ៣ការពារ និង៣កុំ។