ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ស្នងការ និងសហការី ផ្ញើសារលិខិតរំលែកមរណទុក្ខ ជូនចំពោះលោក ប៉េង ប៊ុនឡេង និងក្រុមគ្រួសារសពលោកស្រីអនុសេនីយ៍ឯក ជាវ សុខគ័ង​

កំពង់ចាម​៖​ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម មានក្តីរន្ធត់ក្នុងចិត្តយ៉ាងខ្លាំង ដោយបានទទួលដំណឹងថា លោកស្រីអនុសេនីយ៍ឯក ជាវ សុខគ័ង អត្តលេខ ៧៥៣៤២ ឋានៈ នាយរងផ្នែកអប់រំសិល្បៈ និងកីឡា ការិយាល័យផ្សព្វផ្សាយអប់រំ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានទទួលមរណភាពនៅថ្ងៃ ពុធ ១១រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១០ និង១១នាទី ដោយរោគាពាធ (មានជម្ងឺបេះដូងរីក)។

មរណភាពរបស់ លោកស្រីអនុសេនីយ៏ឯក ជាវ សុខគ័ង គឺជាការបាត់បង់នូវកូន ភរិយា និងម្តាយជាទីស្រលាញ់ប្រកបដោយព្រហ្មវិហារធម៌ ក៏ដូចជាការបាត់បង់នូវមន្ត្រីនគរបាលជាតិដ៏ល្អ ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត និងសេចក្តីសុខផ្ទាល់ខ្លួន ចូលរួមចំណែកថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីនគរបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូម សម្តែងនូវសមានចិត្តក្រៀមក្រំ ចូលរួមរំលែកមរណទុក្ខដោយក្ដីសោកស្តាយ សូមបួងសួងឧទ្ទិសដល់គុណបុណ្យព្រះ រតនត្រ័យជួយដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកស្រីអនុសេនីយ៏ឯក ជាវ សុខគ័ង សូមឆាប់បានយោនយកកំណើតចាប់បដិសន្ធិក្នុងសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូម លោក ប៉េង ប៊ុនឡេង ព្រមទាំងក្រុមគ្រួសារនៃសព ទទួលយកនូវការរំលែកទុក្ខដ៏ក្រៀមក្រំ បំផុតអំពីយើងខ្ញុំទាំងអស់គ្នា៕