រដ្ឋបាលរាជធានី-ខេត្ត

ផ្លូវបេតុងអាមេប្រវែង ២០០០ម៉ែត្រ ទទឹង៥ម៉ែត្រ និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សិត្បូ ក្រុងតាខ្មៅ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងតាខ្មៅឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាល ខេត្តកណ្ដាល និងឯកឧត្តម កឹម បូរី អនុរដ្ឋលេខាធិការ ក្រសួងសាធារណការនិងដឹកជញ្ជូន និងជាប្រធានក្រុមការងារចុះជួយសង្កាត់សិត្បូ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ បានអអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុងអាមេ២ខ្សែ ប្រវែង ២០០០ម៉ែត្រ ទទឹង ៥ម៉ែត្រ  កម្រាស់០.១៥ម៉ែត្រ និងប៉ុស្ត៍នគរបាលរដ្ឋបាលសង្កាត់សិត្បូ ទទឹង១១ម៉ែត្រ គុណ៩ម៉ែត្រ នៅភូមិសិត្បូ ភូមិកំពង់ព្រីង ភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានបញ្ជាក់ថា ប្រទេសជាតិយើងមាន សុខសន្តិភាព មានការរីកចម្រើនអភិវឌ្ឍដូចសព្វថ្ងៃ គឺដោយសារគោលនយោបាយឈ្នះឈ្នះ ក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតែងតែយកអាទិភាពផ្លូវថ្លល់ និងស្ពានចាត់ទុកជាសរសៃឈាមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍនៅមូលដ្ឋានដូចសព្វថ្ងៃនេះ ពីព្រោះស្ពាន ផ្លូវថ្នល់ ផ្លូវបេតុង គឺជាសរសៃឈាមដ៏មានសារសំខាន់បំផុតដែលបម្រើឱ្យវិស័យសេដ្ឋកិច្ចជាចម្បងពោលគឺមានផ្លូវ មាន ស្ពាន មានក្តីសង្ឃឹម ឈានទៅកាត់បន្ថយបាននូវភាពក្រីក្រជូនបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមចូលរួមថែរក្សាសុខសន្តិភាព និងគាំទ្ររាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តនិរន្តរភាពនៃការអភិវឌ្ឍជាបន្តបន្ទាប់ទៀត ជាពិសេសប្រជាពលរដ្ឋទាំងអស់សូមជួយថែទាំសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្សេងៗឱ្យបានល្អប្រសើរ ដើម្បីទុកប្រើប្រាសើឱ្យបានយូរអង្វែង និងត្រូវបន្តប្រុងប្រយ័ត្ន និងរក្សាឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ និង៣ការពារ ដើម្បីបញ្ឈប់ការរីករាលដាលនៃជំងឺកូវីដ១៩ផងដែរ។

ថ្លែងក្នុងពិធីនេះដែរ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលគ្រប់អាយុ ទៅចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឱ្យបានគ្រប់ៗគ្នា នៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ដើម្បីអនុវត្តសិទ្ធិ និង កាតព្វកិច្ចរបស់ខ្លួនព្រមទាំងចូលរួមអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅក្នុងព្រះរាជា ណាចក្រកម្ពុជា និងសូមបោះឆ្នោតជូនគណបក្ស ដែលតែងតែនៅរួមសុខទុក្ខជាមួយបងប្អូន ព្រមទាំងនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ។

បន្ថែមពីលើនេះ ឯកឧត្តមបណ្ឌិតក៏បានបានស្នើដល់ អជ្ញាធរក្រុងតាខ្មៅ ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងលើកិច្ចការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ឱ្យល្អបំផុត ដោយបំផុសឱ្យប្រជាពលរដ្ឋ បន្តអនុវត្តនូវវិធានការ ៣កុំ ៣ការពារ ត្រូវពង្រឹងគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ប្រជាពលរដ្ឋត្រូវគោរពច្បាប់ចរាចរណ៍ និងត្រូវចេះរាយការណ៍ជាបន្ទាន់អំពីករណីចោកម្ម បទល្មើសគ្រឿងញៀន និងបទល្មើសនានាដល់អជ្ញាធរ ដើម្បីអជ្ញាធរចុះអន្តរាគមន៏បានទាន់ពេលវេលា។