ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

សមិទ្ធផល​សំណង់ទ្វារទឹក មានតម្លៃជាងកន្លះលានដុល្លារ ជាចំណងដៃ របស់រាជរដ្ឋាភិបាល ផ្ដល់ជូនប្រជាពលរដ្ឋ ក្នុងស្រុកចំនួន ៣ នៃខេត្តកំពង់ចាម សម្រេចការងារសាងសង់ជិតរួចរាល់

កំពង់ចាម​៖​ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២២ នេះ បានដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់ទំនប់បង្ហៀរ ស្ថិតនៅភូមិស្ទឹងឆ្វេង ឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម ។
បើតាម លោក យុទ្ធ ចាន់ផល មេឃុំច្បារអំពៅ បានប្រាប់ឲ្យដឹងថា សំណង់បង្ហៀរ (ទ្វារ២) លើស្ទឹងឆ្វេង សំណង់បង្អៀរ (ទ្វារ២) ទី១ មានប្រវែង ១០០ម៉ែត្រ និងសំណង់បង្អៀរ (ទ្វារ២) ទី២ មានប្រវែង ២០០ ម៉ែត្រ ទទឹង មានប្រវែង ៥,៦០ម៉ែត្រ ។ ដោយសំណង់បង្អៀរ (ទ្វារ២) ទី១ សាងសង់សម្រេចលទ្ធផលបានប្រមាណជា ៩០% ហើយ បើគិតចាប់ការផ្ដើមសាងសង់ ក្នុងខែមីនា ឆ្នាំ ២០២២ កន្លងទៅនោះ ។ ដោយឡែក សំណង់បង្អៀរ (ទ្វារ២) ទី២ គឺកំពុងចាប់ផ្ដើមដំណើរការសាងសង់ នៅឡើយទេ ។ លោកមេឃុំ បានបញ្ជាក់ឲ្យដឹងដែរថា ក្នុងឆ្នាំ២០២១ កន្លងទៅ តំបន់ខាងលើមានការចម្រូងចម្រាស់ ខ្វែងគំនិតគ្នាពីសំណាក់ប្រជាពលរដ្ឋនៅសងខាងស្ទឹង ដោយកាលនោះមានមតិខ្លះមិនឱ្យទប់ទំនប់រក្សាទឹក និងមតិខ្លះទៀតចង់ទប់ទំនប់រក្សាទឹក ។ រហូតដល់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ ចុះមកពិនិត្យសិក្សាដោយផ្ទាល់ ទើបរៀបចំផែនការ ដើម្បី សាងសង់ទំនប់បង្ហៀរនេះឡើង ក្នុងគោលបំណងដោះស្រាយទំនាស់របស់ប្រជាពលរដ្ឋ ក៏ដូចជា ការជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋទាំង ៣ស្រុក ឱ្យមានប្រភពទឹកប្រើប្រាស់ និងស្រោចស្រពដំណាំស្រូវប្រាំង ជាដើម ។ លោកមេឃុំច្បារអំពៅ បានបញ្ជាក់ទៀតថា ការសាងសង់ទំនប់បង្ហៀរនេះ គឺមានផលប្រយោជន៍ច្រើន សម្រាប់ប្រជាពលរដ្ឋនៅតំបន់នេះ ដូចជា នៅពេលដែលទឹកស្រកផុតទៅ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស នៅតំបន់នេះ អាចធ្វើដំណើរឆ្លងស្ទឹង ឬដឹកកសិផលឆ្លងកាត់ ដោយមិនចាំបាច់ប្រើទូកចម្លង ឬធ្វើស្ពានឆ្លង ដូចមុនទេ ។
ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម មានប្រសាសន៍ថា សំណង់ទំនប់បង្ហៀរ (ទ្វារ២) ចំនួន ២កន្លែង លើស្ទឹងឆ្វេង ឃុំច្បារអំពៅ ស្រុកបាធាយ ដែលជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយម ពិតជាមានសារៈសំខាន់បំផុត ក្នុងការដោះស្រាយបញ្ហាទឹកជូនប្រជាពលរដ្ឋ ចំនួន ៥ឃុំ ក្នុងស្រុកជើងព្រៃ ស្រុកកងមាស និងស្រុកបាធាយ សម្រាប់បង្កបង្កើនផល និងបញ្ចប់បញ្ហាដណ្តើមទឹកគ្នា ក្នុងរដូវប្រាំង ផងដែរ ។ យើងនាំគ្នាពន្លត់ភ្លើង ប្រសើរជាង នាំគ្នាបក់ផ្សែង ។ ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ អាជ្ញាធរមានតែកសាងទំនប់មួយនេះឡើង ដែលមានតម្លៃជាងកន្លះលានដុល្លារអាមេរិក ជាចំណងដៃ ដ៏ថ្លៃថ្លា របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្ដល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋ ក្នុងស្រុកចំនួន ៣ នៃខេត្តកំពង់ចាម ។ ដូច្នេះ បញ្ហាចំពោះមុខ អាជ្ញាធរមូលដ្ឋាន ត្រូវសហការជាមួយមន្ទីរជំនាញ រៀបចំគណៈកម្មការគ្រប់គ្រងទំនប់ ដើម្បី ប្រជាពលរដ្ឋអ្នកទទួលប្រើប្រាស់ទឹក ទៅតាមស្ថានភាពជាក់ស្ដែង ៕