ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ប្រតិភូបញ្ជាការដ្ឋានយោធាខេត្ត ប៊ិញ ធិន យោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម អញ្ជើញមកជួបសំណេះសំណាលសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដល់អង្គភាពតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំឆ្លូវត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានរៀបចំពិធីទទួលបដិសណ្ឋារកិច្ច ប្រតិភូបញ្ជាការដ្ឋានយោធាខេត្ត ប៊ិញ ធិន យោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយលោក វរសេនីយ៍ឯក ង៉ូ មិញឡឹក ប្រធាននយោបាយយោធា ខេត្ត ប៊ិញ ធិន អញ្ជើញមកជួបសំណេះសំណាលសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដល់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ របស់អង្គភាព ដែលពិធីនេះមានការផ្តល់កិត្តិយស អញ្ជើញចូលរួមជាអធិបតីមាន ឯកឧត្តម ឧត្តមសេនីយ៍ទោ ទិត្យ រចនា មេបញ្ជាការរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគពិសេស ឯកឧត្តម ឡុច វណ្ណារ៉ា សមាជិកក្រុមប្រឹក្សាខេត្ត តំណាង ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម នៃ ចារី អភិបាលរង តំណាង ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង។

មានមតិស្វាគមន៍បើកកម្មវិធី ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម គណៈអធិបតី ក៏ដូចជាប្រតិភូបញ្ជាការដ្ឋានយោធាខេត្ត ប៊ិញ ធិន ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមពិធីសំណេះសំណាល ជូនពរឆ្នាំថ្មីនាពេលនេះ។ ឯកឧត្តម បានបន្តថា ទោះបីស្ថិតក្នុងបរិបទការរីករាលដាលនៅជំងឺកូវីដ-១៩ អស់រយៈពេលជាង២ឆ្នាំក៏ដោយ អង្គភាពយោធាខេត្តទាំងពីរ (កំពង់ឆ្នាំង-ប៊ិញធិន) នៅតែរក្សាទំនាក់ទំនងបានយ៉ាងល្អប្រសើរ ជាប្រចាំតាមរយៈប្រព័ន្ធព័ត៌មានវិទ្យា ។ ឯកឧត្តម មេបញ្ជាការ ក៏បានថ្លែងអំណរយ៉ាងជ្រាលជ្រៅចំពោះយោធាខេត្ត ប៊ិញ ធិន ដែលតែងតែឧបត្ថម្ភគាំទ្រដល់អង្គភាពតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ជាពិសេស ការសាងសង់អគារធ្វើការ០១ខ្នងកម្ពស់២ជាន់ ព្រមទាំងសម្ភារ និងថវិកា សម្រាប់បម្រើការងាររដ្ឋបាលជាច្រើនទៀត ។

លោកវរសេនីយ៍ឯក ង៉ូ មិញឡឹក បានថ្លែងនូវការកោតសរសើរអំពីការអភិវឌ្ឍន៍រីកចម្រើនយ៉ាងឆាប់រហ័សរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងបានថ្លែងអំណរគុណចំពោះ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ដែលបានបន្តកិច្ចសហប្រតិបត្តិការល្អ ក្នុងនាមជាកងទ័ពនៃប្រទេសជិតខាង កម្ពុជា និងវៀតណាម និងបានសូមជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជូនដល់យោធិននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងក្រុមគ្រួសារ សូមទទួលបាននូវសេចក្តីសុខ សេចកី្តចម្រើន និងទទួលបានជោគជ័យគ្រប់ភារកិច្ច ដែលថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទ គ្រប់លំដាប់ថ្នាក់បានប្រគល់ជូន និងសូមឱ្យចំណងមិត្តភាព សាមគ្គីភាពសហប្រតិបត្តិការរវាង ប្រទេសយើងទាំងពីរ ស្ថិតស្ថេរចីរកាល ។

នៅក្នុងឱកាសនេះផងដែរ ប្រតិភូនៃអង្គភាពទាំងពីរ ក៏បានជូនកាដូអនុស្សាវរីយ៍ទៅវិញទៅមក ដោយឡែកប្រតិភូនៃបញ្ជាការដ្ឋានយោធាខេត្តប៊ិញ ធិន បានឧបត្ថម្ភថវិកាមួយចំនួន ជូនដល់ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ក្នុងការរៀបចំកម្មវិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងការកែលម្អ សោភ័ណភាពក្នុងទីតាំងអង្គភាពផងដែរ ។

ជាចុងក្រោយ មុនហ្នឹងវិលត្រឡប់ទៅប្រទេសវៀតណាមវិញ ប្រតិភូបញ្ជាការដ្ឋានយោធាខេត្ត ប៊ិញ ធិន បានអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ នៅស្តូបមិត្តភាព កម្ពុជា-វៀតណាម ខេត្តកំពង់ឆ្នាំងផងដែរ ៕