ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

អភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយអភិបាលរងខេត្ត ដឹកនាំកម្លាំងចម្រុះចំនួន៤ក្រុម បន្តចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រស្រុកបរិបូណ៌ កំពង់លែង ជលគីរី កំពង់ត្រឡាច និងក្រុងកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃពុធ ១៣រោច ខែផល្គុនឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ នៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយអភិបាលរងខេត្តបានដឹកនាំកម្លាំងចម្រុះចំនួន៤ក្រុម បន្តចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រស្រុកបរិបូណ៌ កំពង់លែង ជលគីរី កំពង់ត្រឡាច និងក្រុងកំពង់ឆ្នាំង។

គិតចាប់តាំងពីថ្ងៃទី២៤ ខែមីនា រហូតមកដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ កម្លាំងចម្រុះបានចេញប្រតិបត្តិការយ៉ាងសស្រោកសស្រាំសម្រេចបានលទ្ធផលរួមមាន បានរុះរើរបាំងសាច់អួន ចំនួន ៩៨កន្លែង ប្រវែង ៦ ៥៣៥ម៉ែត្រ ដកបង្គោល ចំនួន ៣ ៧៤០ដើម រុះរើលបលូសាច់អួន ១២១លូ រុះរើសម្រាស់ ចំនួន ១១៩កន្លែង ទំហំសរុប ១៥ ៥១៥ម៉ែត្រការ៉េ ដកបង្គោល ២ ៧៧០ដើម រុះរើមែកសម្រាស់ប្រមាណជិត ៣ម៉ឺនមែក រុះរើសាច់អួន ចំនួន ៦វង់ រុះរើរបាំងស្បៃមុង ៧កន្លែង ប្រវែង ៣០០ម៉ែត្រ លូស្បៃមុង ៧លូ រុះរើរបាំងឈើចំនួន ៥កន្លែង ប្រវែង ៥០០ម៉ែត្រ ឃាត់ខ្លួនជនសង្ស័យប្រព្រឹត្តល្មើសចំនួន ៤នាក់ រួមនឹងវត្ថុតាងមួយចំនួន។

ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងសមត្ថកិច្ច អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរ អង្គភាពជុំវិញខេត្ត ដែលបានយកអស់កម្លាំងកាយចិត្ត រួមកម្លាំងគ្នាចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ និងទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិក្នុងតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំងយើង ៕