ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

នៅល្ងាចថ្ងៃពុធ អាជ្ញាធរស្រុកសំពៅលូន បន្តទទួលប្រជាពលរដ្ឋដែលវិលត្រឡប់​ពីប្រទេសថៃ ត្រង់ភូមិសាស្ត្រ ភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ

ខេត្តបាត់ដំបង៖​ នាល្ងាចថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស​ ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនគរបាលខេត្តបាត់ដំបង ជាប់ជាប្រចាំ ស្តីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន​ និងមេខ្យល់នាំពលករ​ចេញ ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា_ថៃ​ និងលោកវរសេនីយ៍ឯក ហាត ឡៃឡែ ស្នងការរងផែនការងារវរសេនាតូចនគរបាលការពារព្រំដែនគោក ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក​ ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ បានចាត់កម្លាំងប៉ុស្តិ៍ព្រំដែនទាំង៦ ចំណុះឲ្យវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ សហការជាមួយកម្លាំងយោធាចេញល្បាតតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តប៉ុស្តិ៍គ្រប់គ្រង និងបានទទួលប្រជាពលរដ្ឋវិលត្រឡប់ពីប្រទេសថៃវិញ ត្រង់ចំណុចភូមិសាស្ត្រឃុំសន្តិភាព និងឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ចំនួន០៤លើក សរុបចំនួន៤៨នាក់ ស្រី១៣នាក់ ក្មេង១១នាក់ ក្មេងស្រី០៧នាក់។

ក្រោយពីទទួលបានកម្លាំងយើងបានកត់ឈ្មោះ ចុះកំណត់ហេតុ និងអប់រំណែនាំ រួចប្រគល់បងប្អូនចំនួន០២នាក់ (ប្រុស) ទៅឲ្យក្រុមគ្រូពេទ្យដែលប្រចាំការនៅចំណុចច្រកទ្វារអន្តរជាតិគីឡូ១៣ និងបងប្អូនចំនួន៤៦នាក់ ស្រី១៣នាក់ ក្មេង១១នាក់ ក្មេងស្រី០៧នាក់ ទៅឲ្យក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ធ្វើការត្រួតពិនិត្យសុខភាព និងស្គ៊ែនប័ណ្ណចាក់វ៉ាក់សាំងនៅនឹងប៉ុស្តិ៍ ដោយមិនតម្រូវឲ្យយកសំណាកនោះទេ។ ជាលទ្ធផល ប័ណ្ណស្គ៊ែនចេញត្រឹមត្រូវទាំងអស់ បន្ទាប់មកក្រុមពេទ្យបានអនុញ្ញាតឲ្យបងប្អូនត្រឡប់ទៅមូលដ្ឋានរៀងៗខ្លួនវិញ។