រដ្ឋបាលរាជធានី-ខេត្ត

ក្រុមយុវជនការពារសន្តិភាព នាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតនិងជនពិការចំនួន៤១គ្រួសារ នៅស្រុកមង្គលបូរីនិងស្រុកអូជ្រៅ

បន្ទាយមានជ័យ ៖ លោក សូ រតនៈ ប្រធានប្រតិបត្តិក្រុមយុវជនការពារសន្តិភាព អមដំណើដោយលោក ខង សុខា ប្រធានក្រុមយុវជនការពាសន្តិភាពខេត្តបន្ទាយមានជ័យ និងលោក លោកស្រីអគ្គលេខាធិការរង អគ្គហិរញ្ញឹករងក្រុមយុវជនការពារសន្តិភាព រួមជាមួយក្រុមការងារកាលពីថ្ងៃសៅរ៍ ៩ រោច ខែផល្គុន ឆ្នាំឆ្លូវ​ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ ចុងសប្តាហ៍នេះ បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ចែកជូនដល់គ្រួសារដែលមានជីវភាពខ្វះខាត និងជនពិការ ចំនួន០២ស្រុក គឺ ស្រុកមង្គលបូរី ២១គ្រួសារ ក្នុងឃុំសំបួរ និងស្រុកអូរជ្រៅ ២០គ្រួសារ ក្នុងឃុំសំរោង ក្នុងខេត្តបន្ទាយមានជ័យ ។

ថ្លែងទៅកាន់ប្រជាពលរដ្ឋនាឱកាសនោះ លោក សូ រតនៈ បានលើកឡើងថា ៖ ក្រុមយុវជនការពារសន្តិភាពមានគោលការណ៍៣ចំណុចសំខាន់ៗ ៖ ១-/ គាំទ្រគណបក្សប្រជាជនកម្ពុជា,២/- វាយបកទៅក្រុមបក្សប្រឆាំងទាំងក្នុង និងក្រៅប្រទេស,៣/- ធ្វើការងារមនុស្សធម៌ យកអំណោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងអំណោយសប្បុរសជន ចុះចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត។

លោក សូ រតនៈ បានគូសបញ្ជាក់ជូនថា ៖ សន្តិភាពមិនមែនកើតឡើងដោយចៃដន្យនិងងាយៗនោះទេ គឺកើតឡើងដោយសារការលះបង់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា និងឥស្សរជនជាច្រើនទៀត ដើម្បីឲ្យប្រទេសជាតិមានសុខសន្តិភាពរហូតមកទល់សព្វថ្ងៃនេះ ។ ដូច្នេះដើម្បីប្រទេសជាតិមានសុខសន្តិភាពបានយូរអង្វែង មានតែយើងទាំងអស់គ្នាត្រូវរួមគ្នាការពារសន្តិភាព មានសុខសន្តិភាពទើបមានការអភិវឌ្ឍប្រទេសឲ្យកាន់តែមានការរីកចម្រើន។មួយវិញទៀត ទន្ទឹមនឹងមានការអភិវឌ្ឍនោះ បច្ចុប្បន្ននេះទៀតសោតសម្តេចតេជោ ហ៊ុន សែន បានប្រយុទ្ធក្នុងសមរភូមិកូវីដ-១៩ ដោយសម្តេចបានបញ្ជាទិញនិងមានប្រទេសជាមិត្តមួយចំនួនក៏បានផ្តល់វ៉ាក់សាំងចាក់ការពារជម្ងឺកូវីដ-១៩ ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ។

លោកប្រធានប្រតិបត្តិ បានគូសបញ្ជាក់ទៀតថា ៖ ដើម្បីជាការចូលរួមចំណែកសម្រាលទុក្ខលំបាកផ្នែកជីវភាពប្រចាំថ្ងៃរបស់បងប្អូនមីងមាទាំង២១គ្រួសារ នៅឃុំសំបួរ ស្រុកមង្គលបូរីនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ បានឧបត្ថម្ភអំណោយជាស្បៀងតាយរយៈក្រុមយុវជនការពារសន្តិភាពដោយក្នុង០១គ្រួសារទទួលបាន ៖​ អង្ករ ២៥គីឡូរក្រាម, មី ១កេះ, ទឹកត្រី ១យួរ,ទឹកស៊ីអ៊ីវ ១យួរ, ថវិការ ២ម៉ឺនរៀល ដោយឡែកគ្រួសារជនពិការទទួលបានរទេះរុញ០១គ្រឿង។

នៅរសៀលថ្ងៃដដែលនេះផងដែរ លោក សូ រតនៈ ប្រធានប្រតិបត្តិក្រុមយុវជនការពារសន្តិភាព អមដំណើដោយលោក ខង សុខា ប្រធានក្រុមយុវជនការពាសន្តិភាពខេត្តបន្ទាយមានជ័យ និងលោក លោកស្រីអគ្គលេខាធិការរង អគ្គហិរញ្ញឹករងក្រុមយុវជនការពារសន្តិភាព រួមជាមួយក្រុមការងារ ក៏បានបន្តនាំយកអំណោយរបស់ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ច័ន្ទមុន្នី ហ៊ុន ម៉ាណែត ជាស្បៀងតាយរយៈក្រុមយុវជនការពារសន្តិភាពទៅចែកជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅភូមិធ្មេញត្រី ឃុំសំរោង ស្រុកអូរជ្រៅ ចំនួន២០គ្រួសារ ដោយក្នុង០១គ្រួសារទទួលបាន ៖ អង្ករ ២៥គីឡូរក្រាម, មី ១កេះ, ទឹកត្រី ១យួរ,ទឹកស៊ីអ៊ីវ ១យួរ, ថវិការ ២ម៉ឺនរៀល ដោយឡែកគ្រួសារជនពិការទទួលបានរទេះរុញ០១គ្រឿងនិងឈើច្រត់០១ផងដែរ។

ផ្សារភ្ជាប់ជាមួយនិងពិធីនេះ លោក សូ រតនៈ ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់នៅពេលខាងមុខនេះ មានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ សូមឲ្យបងប្អូន មីងមា ទៅបោះឆ្នោតឲ្យបានគ្រប់គ្នា និងមួយទៀតចូលរួមទប់ស្កាត់ការឆ្លងរាលដាលជម្ងឺកូវីដ-១៩ អូមីក្រុងទាំងអស់គ្នា ដោយអនុវត្តជានិច្ចតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងវិធានការ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួន ៕