ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ឯកឧត្ដម ហ៊ុន ណេង ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាលជម្ងឺ ជូនប្រជាពលរដ្ឋ នៅស្រុកស្ទឹងត្រង់

កំពង់ចាម​៖​ បញ្ហាសុខភាព គឺជាកត្តាចម្បង របស់មនុស្សម្នាក់ៗ បើទោះបីមានលុយ បុណ្យសក្ដិ និងមានឋានៈប៉ុណ្ណាក៏ដោយ បើសុខភាពមិនល្អ ក៏យើងរស់នៅ មិនសប្បាយចិត្តដែរ» ។ ឯកឧត្ដម ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម ថ្លែងយ៉ាងដូច្នេះ នៅក្នុងឱកាស ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់ឯកឧត្ដម ចុះពិនិត្យព្យាបាលជម្ងឺ ជូនប្រជាពលរដ្ឋឥតគិតថ្លៃ នៅភូមិដីលើ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ នេះ ។
អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម មានប្រសាសន៍បញ្ជាក់ទៀតថា ដោយសារបញ្ហាសុខភាព ជាបញ្ហាចម្បង សម្រាប់យើងគ្រប់ៗគ្នា ទើបក្នុងនាម ឯកឧត្ដម ជាប្រធានក្រុមការងារចុះមូលដ្ឋាន ស្រុកស្ទឹងត្រង់ បានរៀបចំឲ្យមានក្រុមគ្រូពេទ្យ ១ក្រុម ដើម្បីចុះពិនិត្យព្យាបាលជម្ងឺ ជូនបងប្អូនយើង ដោយផ្ទាល់ ចំនួនតែ ១២ឃុំ នៅក្នុងស្រុកស្ទឹងត្រង់ ប៉ុណ្ណោះ បើទោះបីជា បច្ចុប្បន្ននេះ យើងមានមណ្ឌលសុខភាព និងមន្ទីរពេទ្យ របស់រដ្ឋសម្រាប់ជាកន្លែងព្យាបាល ហើយក៏ដោយ ។ ឯកឧត្ដម ហ៊ុន ណេង មានប្រសាស៍ថា ឯកឧត្ដម ធ្លាប់បានបញ្ជាក់ហើយថា ឯកឧត្ដមគ្មានអ្វីនឹងតបស្នង ដល់បងប្អូនប្រជាពលរដ្ឋជាម្ចាស់ឆ្នោត នៅក្នុងមូលដ្ឋាន ក្រៅអំពីការកសាងសមិទ្ធផល ដូចជា ៖ ផ្លូវ សាលារៀន និងមន្ទីរពេទ្យ ជាដើម ទុកសម្រាប់បងប្អូនប្រើប្រាស់ នោះទេ ។
ឆ្លៀតឱកាសនោះដែរ ឯកឧត្ដម ហ៊ុន ណេង ក៏បានថ្លែងអំណរគុណ ចំពោះ ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល ក៏ដូចជា ក្រុមគ្រូពេទ្យទាំងអស់ ក្នុងការយកចិត្តទុកដាក់អំពីសុខមាលភាព របស់ប្រជាពលរដ្ឋ ជាមួយ រាជរដ្ឋាភិបាលកម្ពុជា នាពេលកន្លងទៅ ក៏ដូចជា បច្ចុប្បន្នតាមរយៈ ការចូលរួមចំណែកទាំងអស់គ្នា ដើម្បី ចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ ១៩ ជូនប្រជាពលរដ្ឋ នៅទូទាំងខេត្តកំពង់ចាម រួមទាំង ការចុះបំពេញបេសកកម្មស្ម័គ្រចិត្ត ដើម្បីពិនិត្យព្យាបាលជម្ងឺជូនប្រជាពលរដ្ឋ នៅក្នុងស្រុកស្ទឹងត្រង់ នាពេលនេះ ផងដែរ ។
បើតាម លោកសាស្ត្រាចារ្យ យិន ស៊ីណាត ប្រធានមន្ទីរពេទ្យ ខេត្តកំពង់ចាម និងជាប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម ហ៊ុន ណេង គូសបញ្ជាក់ថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្ដម ហ៊ុន ណេង បង្កើតឡើងតាំងពីឆ្នាំ២០១៧ មក ក្រោមការឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារៈបរិក្ខាឱសថ ពីសំណាក់ ឯកឧត្ដម ហ៊ុន ណេង និងលោកជំទាវ ដើម្បី ចុះមកពិនិត្យព្យាបាលជម្ងឺ ជូនប្រជាពលរដ្ឋគ្រប់ឃុំ នៅក្នុងស្រុកស្ទឹងត្រង់ ដោយឥតគិតថ្លៃ និងមិនប្រកាន់និន្នាការនយោបាយឡើយ ។ លោកបញ្ជាក់ទៀតថា នាពេលកន្លងមក ក្រុមគ្រូពេទ្យរបស់យើង បានចុះពិនិត្យព្យាបាលជម្ងឺ ដល់ប្រជាពលរដ្ឋ នៅក្នុងស្រុកស្ទឹងត្រង់នេះ បានចំនួន ០៣វគ្គ មកហើយ សរុបមានប្រជាពលរដ្ឋ មកទទួលសេវាប្រមាណជា ១៧.០០០នាក់ ។ តែរយៈពេលជិត ២ឆ្នាំកន្លងមកនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បានផ្អាកសកម្មភាព ដោយសារការរីករាលដាល នៃជម្ងឺវីដ ១៩ ។ ទោះយ៉ាងណា ថ្ងៃនេះ គឺជាវគ្គបន្ត នៃវគ្គទី៣ ដែលក្រុមគ្រូពេទ្យ ចាប់ផ្ដើមសកម្មភាព របស់ខ្លួនឡើងវិញ ដើម្បី ពិនិត្យព្យាបាលជម្ងឺ ជូនប្រជាពលរដ្ឋ នៅស្រុកស្ទឹងត្រង់ ជាបន្តទៀត ដោយផ្ដោតទៅលើ ជម្ងឺទូទៅ ជារួមមាន ៖ ជម្ងឺក្រពះ ពោះវៀន រលាកបំពង់ករ ជម្ងឺលើសសម្ពាធឈាម និងជម្ងឺផ្ដាសាយ ជាដើម ។ ដោយឡែក ក្នុងបេសកកម្មខាងលើនេះដែរ ក្រុមគ្រូពេទ្យជំនាញយើង បានទទួលពិនិត្យព្យាបាលជម្ងឺ ជូនប្រជាពលរដ្ឋ បានចំនួន ២៣៧នាក់ ក្នុងនោះ ស្ត្រី ១៥៣នាក់ ផងដែរ ៕