ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

របួសធ្ងន់០២នាក់ ស្រាល០២នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍បីករណីនៅស្រុកក្រគរ

ពោធិ៍សាត់៖ យ៉ាងហោចណាស់មានមនុស្ស០៤នាក់ រងរបួសធ្ងន់០២នាក់ របួសស្រាល០២នាក់ ដោយឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ចំនួនបីករណីកើតឡើងជាបន្តបន្ទាប់ នៅក្នុងភូមិសាស្ត្រស្រុកក្រគរ កាលពីថ្ងៃពុធ ៥រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក.ស២៥៦៥ ត្រូវថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ដោយមូលហេតុកត្តាប្រើប្រាស់ល្បឿនពីរករណី និងបើកបរខ្វះការប្រុងប្រយ័ត្ន មួយករណី

យោងតាមរបាយការណ៍ របស់អធិការដ្ឋាននគរបាលស្រុកក្រគរ បានឲ្យដឹងថា នៅក្នុងថ្ងៃទី២៣ ខែមីនា មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន០៣ករណី ដែលករណីទី១ គឺ បើកម៉ូតូដួលខ្លួនឯង កើតឡើងនៅវេលាម៉ោង០៨និង១៥នាទីព្រឹក ត្រង់ចំណុចស្ពានផាន់ ស្ថិតក្នុងភូមិកណ្តាល ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បណ្តាលឲ្យអ្នកបើកបរឈ្មោះ ស៊ឹម សុះ ភេទប្រុសអាយុ៣៥ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិដង្គៀបក្តាម ឃុំឈើតុំ ស្រុកក្រគរ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនិងព្យាបាលនៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់ ចំពោះម៉ូតូរបស់ជនរងគ្រោះម៉ាកវ៉េវ អាល់ហ្វា ពណ៌ខ្មៅ គ្មានស្លាកលេខ រងការខូតខាតមធ្យមសមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារយកទៅរក្សាទុកនៅផ្ទះ

ចំណែកករណីទី២ គឺម៉ូតូបុកម៉ូតូបើកបរច្រាសទិសគ្នា បណ្តាលឲ្យខូចខាត ម៉ូតូចំនួន០២គ្រឿង និងរងរបួសមនុស្សពីរនាក់ ស្រាលករណីនេះកើតឡើងនៅវេលាម៉ោង១៩និង០០នាទីល្ងាច នៅលើផ្លូវក្រាលគ្រួសក្រហម ស្ថិតក្នុងភូមិជីចេះ ឃុំស្នាអន្សា ស្រុកក្រគរខេត្តពោធិ៍សាត់ ដោយម៉ូតូម៉ាកហុងដា គុបជ្រុង ពណ៌ខៀវ គ្មានស្លាកលេខ ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង បើកបរដោយឈ្មោះ ប៉ម ពៅ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិជីចេះ ឃុំស្នាអន្សា បុកជាមួយម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខពោធិ៍សាត់ 1K-6014 ធ្វើដំណើរក្នុងទិសពីជើងទៅត្បូង  អ្នកបើកបរឈ្មោះ ភួន ប៊ុនធឿន ប្រុស អាយុ៣៩ឆ្នាំជនជាតិខ្មែរ រស់នៅភូមិអូរតាប្រុក ឃុំអូរសណ្តាន់ ស្រុកក្រគរ

ចំពោះករណីនេះផងដែរ អ្នកបើកបរទាំងពីររងរបួសស្រាល ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យឯកជនឃុំស្នាអន្សា ចំណែកវត្ថុតាងទាំងពីរគ្រឿង សមត្ថកិច្ចនគរបាលបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្នាអន្សា ជា បណ្តោះអាសន្ន រីឯករណីទី៣គឺបើកបរម៉ូតូបុករបាំងឃាំងផ្លូវដួលខ្លួនឯង បណ្តាលឲ្យរងរបួសធ្ងន់ ករណីនេះកើតឡើងនៅវេលាម៉ោង១២និង៤០នាទី រំលងអាធ្រាតនៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១៥១១៥២ ស្ថិតក្នុងតំបន់ផ្លូវបិទមិនឲ្យធ្វើចរាចរណ៍ ត្រង់ចំណុចមុខសាលាបឋមសិក្សាក្បាលត្រាច នៅភូមិទទឹង ឃុំក្បាលត្រាច ស្រុកក្រគរ ដោយម៉ូតូម៉ាកហុងដា MSX ពណ៌ខ្មៅ គ្មានស្លាកលេខ ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត មកដល់ចំណុចកើតហេតុ បានបុករបាំងឃាំងផ្លូវ  បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅ   សង្គ្រោះ និងព្យាបាលនៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់ បច្ចុប្បន្នអ្នកបើកបរ សមត្ថកិច្ចមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ចំពោះម៉ូតូសមត្ថកិច្ចបានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលត្រាច ជាបណ្តោះអាសន្ន