ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

រថយន្តបុកម៉ូតូបត់ឆ្លងផ្លូវរបួសធ្ងន់ម្នាក់ នៅស្រុកបាកាន

ពោធិ៍សាត់៖ បុរសវ័យ៥៤ឆ្នាំ ម្នាក់រងរបួសធ្ងន់ធ្ងរ ដោយឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តម៉ាក FUTON GLOBAL បុកម៉ូតូសេ១២៥ បត់ឆ្លងផ្លូវ ករណីនេះកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ១៩៣១៩៤ ស្ថិតក្នុងភូមិស្នាមព្រះ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង០៩និង១៥នាទី ថ្ងៃចន្ទ ៤រោចខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក .ស២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២

ប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានបុរសម្នាក់ជិះម៉ូតូម៉ាកហុងដា សេ១២៥ពណ៌ខ្មៅ សេរីឆ្នាំ២០០៥ ឡើងតែម ២០០៨ ពាក់ស្លាកលេខ កណ្តាល 1H-4469 បើកបរក្នុងទិសដៅពីលិចទៅកើត មកដល់ចំណុចកើតហេតុបានបត់ឆ្លងផ្លូវពីត្បូងទៅជើង រំពេចនោះស្រាប់តែមានរថយន្តម៉ាក FUTON GLOBAL ពណ៌ទឹកប្រាក់  ពាក់ស្លាកលេខ.. 0077 បើកបរក្នុងទិសដៅពីលិចទៅកើត បានបុកម៉ូតូបត់ឆ្លងផ្លូវ បណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ នឹងខូចខាតរថយន្តនិងម៉ូតូ ក្រោយឃើញហេតុការណ៍ប្រភពព័ត៌មានបានរាយការណ៍ជូនសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ដើម្បីជួយអន្តរាគមន៍ និងសង្គ្រោះជនរងគ្រោះ

លោកវរសេនីយ៍ឯក នាង វុធ អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាកាន បានបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះត្រូវបានសមត្ថកិច្ចស្គាល់អត្តសញ្ញាណឈ្មោះ ឌួង ឌឿន ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិព្នៅ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ជាអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ត្រូវបាន សមត្ថកិច្ចបញ្ជូនទៅសង្គ្រោះ និងព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ចំពោះអ្នកបើកបររថយន្តម៉ាក FUTON GLOBAL ជាជំនួយការរបស់ចិន មានឈ្មោះ សេង ទុន ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅភូមិផ្កាស្លា សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង បច្ចុប្បន្នវត្ថុតាង រថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្នាមព្រះ ដើម្បីចាត់ការតាមនីតិវិធី