រដ្ឋបាលរាជធានី-ខេត្ត

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុដឹកនាំមន្ត្រីជំនាញចុះពិនិត្យការអភិវឌ្ឍន៍ ក្នុងតំបន់កសិកម្មឧស្សាហកម្មដំណាំដូងប្រេង និងដំណាំកៅស៊ូ

ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យការអភិវឌ្ឍន៍ ក្នុងតំបន់កសិកម្មឧស្សាហកម្មដំណាំដូងប្រេង និងដំណាំកៅស៊ូ នៅក្នុងភូមិសាស្ត្រស្រុកស្ទឹងហាវ និងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអ្នកឧកញ៉ា ម៉ុង ឬទ្ធី ដែលបានធ្វើការអភិវឌ្ឍលើវិស័យកសិកម្មឧស្សាហកម្មក្នុងតំបន់នេះ និងបានជួយប្រជាពលរដ្ឋឱ្យមានការងារធ្វើ ថែមទាំងបានជួយសាងសង់សាលារៀនសម្រាប់សិស្សានុសិស្សបានរៀនសូត្របង្កើនធនធានមនុស្ស និងធ្វើឱ្យជីវភាពគ្រួសាររបស់ពួកគាត់កាន់តែមានជីវភាពល្អប្រសើរ។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានអញ្ជើញចុះពិនិត្យសាលាបឋមសិក្សាឬទ្ធី៥ ស្ថិតនៅឃុំជើងគោ ស្រុកព្រៃនប់ខេត្តព្រះសីហនុ និងបានចុះសួរសុខទុក្ខ ព្រមទាំងឈ្វេងយល់អំពីជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ដែលជាកម្មករ ក្នុងតំបន់អភិវឌ្ឍកសិកម្មឧស្សាហកម្ម ម៉ុង ឬទ្ធី ផងដែរ។

ឯកឧត្តមអភិបាលខេត្ត សង្ឃឹម និងជឿជាក់ថា នៅពេលខាងមុខតំបន់នេះ នឹងក្លាយជាតំបន់ដែលមានសក្តានុពលលើការវិនិយោគនិងអាចទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុនលើគ្រប់វិស័យ៕