ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ុយក្រែនបញ្ជាក់ជាថ្មីថា អ៊ុយក្រែនត្រូវតែទទួលស្គាល់ថាខ្លួនពិតជាមិនអាចចូលជាសមាជិក NATO បានឡើយ

(កៀវ)៖ យោងតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃពុធ ទី១៦ ខែមីនា ឆ្នាំ២០២២​នេះ ដោយដកស្រង់សម្តីប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ដែលបានថ្លែងកាលពីថ្ងៃអង្គារម្សិលមិញនេះ បានឲ្យដឹងថា ប្រទេសអ៊ុយក្រែនត្រូវតែទទួលស្គាល់ថាខ្លួនប្រហែលជាមិនអាចចូលជាសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) បានឡើយ ខណៈដែលកិច្ចចរចាជាមួយរុស្ស៊ីត្រូវបានបន្តធ្វើឡើងនៅថ្ងៃពុធនេះ។

ការលើកឡើងរបស់លោក ហ្សេលេនស្គី ខាងលើ ត្រូវបានធ្វើឡើងនៅពេលដែលលោកធ្វើកំណត់សម្គាល់មួយទៅកាន់កងកម្លាំងចម្រុះដែលដឹកនាំដោយចក្រភពអង់គ្លេស ដោយក្នុងថ្លែងនាឱកាសនោះ ប្រធានាធិបតីអ៊ុយក្រែនរូបនេះបានបញ្ជាក់ដូច្នេះថា «សព្វថ្ងៃអ៊ុយក្រែនមិនមែនជាសមាជិក NATO នោះទេ … យើងបានឮរាប់សិបឆ្នាំមកហើយថា ទ្វារបើកចំហរជានិច្ច ប៉ុន្តែយើងក៏បានស្ដាប់ឭផងដែរថាយើងមិនអាចចូលជាសមាជិក NATO បាននោះទេ ហើយនេះគឺជាការពិតដែលយើងត្រូវតែទទួលស្គាល់»

គួរបញ្ជាក់ថា ដោយសារតែក្តីបារម្ភពីការចូលជាសមាជិករបស់អ៊ុយក្រែននៅក្នុងអង្គការ NATO នេះហើយ ទើបប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានសម្រេចចិត្តដ៏ប្រថុយប្រថានក្នុងការវាយប្រហារលើអ៊ុយក្រែន ដោយលោកយល់ថាវាជារឿងត្រឹមត្រូវ និងសមហេតុផល ព្រោះថាប្រសិនបើបណ្តោយឲ្យអ៊ុយក្រែនចូលជាសមាជិក NATO ផុត នោះសន្តិសុខជាតិរបស់រុស្ស៊ីនឹងត្រូវរងការគំរាមកំហែងនៅពេលអនាគត៕

ប្រភព៖ Al Jazeera, FN