ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានជួសជុលឡើងវិញផ្លូវកៅស៊ូប្រភេទ DBST មានប្រវែង ៣ ០០០ ម៉ែត្រ ក្នុងក្រុងកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងឯកឧត្ដម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានជួសជុលឡើងវិញផ្លូវកៅស៊ូប្រភេទ DBST ដែលជាថវិការបស់រដ្ឋបាលខេត្ត បាតក្រោមទទឹង ៨ម៉ែត្រ និងក្រាលកៅស៊ូទទឹង ៥ម៉ែត្រ មានប្រវែង ៣ ០០០ ម៉ែត្រ ស្ថិតនៅភូមិដំណាក់ពពូល ភូមិស្រែព្រីង និងភូមិត្រពាំងចិកសា ក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។

គម្រោងជួសជុលផ្លូវកៅស៊ូមួយខ្សែនេះ នឹងជួយសម្រួលដល់ការធ្វើដំណើរការរបស់បងប្អូនប្រជាពលរដ្ឋក្នុងក្រុងកំពង់ឆ្នាំង ឲ្យកាន់តែងាយស្រួល និងមានសុវត្ថិភាព ដែលកន្លងមកផ្លូវមួយខ្សែនេះបានទទួលរងការខូចខាតយ៉ាងខ្លាំង ពិបាកក្នុងការធ្វើដំណើរ។ ផ្លូវមួយខ្សែនេះក៏ជាផ្លូវដ៏សំខាន់ក្នុងការបញ្ចៀសចរាចរណ៍មួយផ្នែកពីផ្លូវជាតិលេខ៥ផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត បានឧបត្ថម្ភអំណោយជូនបងប្អូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ២០ គ.ក្រ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ និងថវិកា ៣ម៉ឺនរៀល និងបានឧបត្ថម្ភថវិកាជូនស្រីមេម៉ាយជួបការលំបាកចំនួន ២៧នាក់ ដោយក្នុងម្នាក់ៗថវិកាចំនួន ១០ម៉ឺនរៀល ៕