ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ផ្លូវមួយខ្សែដែលមានប្រវែង ១២ គីឡូម៉ែត្រ ត្រូវបានកែលំអរ និងជួសជុល ដើម្បីបង្កលក្ខណៈងាយស្រួលបងប្អូនប្រជាពលរដ្ឋ ស្ថិតនៅស្រុកព្រះស្តេច ខេត្តព្រៃវែង

ព្រៃវែង៖ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០២២ ឯកឧត្ដម ហ៉ី ប៉ាវី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកកំពង់ផែស្វ័យត រាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកព្រះស្តេច រួមសហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្ត ព្រៃវែង បានដាក់គ្រឿងចក្រកែលំអរ និងជួសជុល ផ្លូវមួយខែ្សដែលមានប្រវែង ១២ គីឡូម៉ែត្រ ដែលឆ្លងកាត់ចំនួន៣ ឃុំ គឺឃុំរំចេក ឃុំជៃកំពក និងឃុំអង្គរាជ ដើម្បីបង្កលក្ខណៈងាយស្រួល និងបម្រើផលប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅមកប្រកបដោយភាពងាយស្រួល និងកាត់បន្ថយពេលវេលា ចំណេញទាំងប្រាក់ចំណូល។

ឯកឧត្ដម ឯកឧត្ដម ហ៉ី ប៉ាវី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកកំពង់ផែស្វ័យត រាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកព្រះស្តេច ខេត្តព្រៃវែង ក៏បានលើកឡើងថា ទាំងនេះគឺជាការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ឲ្យមន្រ្តី អាជ្ញាធរមូលដ្ឋាន ទាំងអស់ត្រូវចុះជាប់ជាមួយប្រជាពលរដ្ឋ បម្រើប្រជាពលរដ្ឋ ក្នុងការជួយសម្រួលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋដោយ រៀបចំកសាងនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាដើម ដោយប្រែខ្លាយពីផ្លូវលំ ទៅផ្លូវក្រាលគ្រួសក្រហម ពីផ្លូវក្រាលគ្រួសក្រហម ទៅជាផ្លូវកៅស៊ូ ដើម្បីបម្រើផលប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋងាយស្រួលក្នុងដឹកជញ្ជូនកសិផលកសិកម្មរបស់ពួកគាត់ទៅទីកន្លែងផ្សេងៗ។

ក្នុងនោះដែរឯកឧត្តម ប្រធានក្រុមការងារ ក៏សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋត្រូវចូលរួមថែទាំអភិវឌ្ឍន៍នៅផ្លូវមួយខ្សែនេះឲ្យបានគង់វង្សយូរអង្វែងដោយមិនត្រូវដឹកលើសទម្ងន់ដែលបង្កឲ្យខូចផ្លូវនោះទេ និងសូមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដោយត្រូវពាក់មួកសុវត្ថិភាពឲ្យបានជាប់ជាប្រចាំរាល់ពេលធ្វើដំណើរម្តងៗនោះផងដែរ៕