ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ានឹងឡើងតតាំងនៅតុលាការអន្តរជាតិជុំវិញរឿងក្តីជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ាជំនួសលោកស្រី អង់សាន ស៊ូជី

(ឡាអេ)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នារសៀលថ្ងៃចន្ទ ទី២១ ខែកុម្ភៈ ឆ្នាំ២០២២នេះបានឲ្យដឹងថា ពេលនេះរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាកំពុងរៀបចំខ្លួនដើម្បីជំនួសតួនាទីរបស់លោកស្រី អង់សាន ស៊ូជី នៅឯតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីបន្តច្រានចោលពាក្យចោទប្រកាន់នានា ជុំវិញអំពើប្រល័យពូជសាសន៍ លើជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា (Rohingya) ដែលបានរត់ភៀសខ្លួន ចេញពីអំពើហិង្សានៅរដ្ឋភាគខាងលិចមីយ៉ាន់ម៉ា ទៅជ្រកកោណជាបណ្តោះអាសន្ន នៅលើទឹកដីប្រទេសបង់ក្លាដែស ចាប់តាំងពីឆ្នាំ២០១៧មក។

គួរជម្រាបថា នៅមុនការធ្វើរដ្ឋប្រហារទម្លាក់លោកស្រី អង់សាន ស៊ូជី ចេញពីតំណែង កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ លោកស្រី ស៊ូជី គឺជាអ្នកតំណាងរបស់មីយ៉ាន់ម៉ាតែម្នាក់គត់ ដែលបានឡើងទៅតតាំងក្តីជាមួយតុលាការអន្តរជាតិ ICJ នៅក្នុងសវនាការស្តាប់ជាលើកដំបូងកាលពីខែធ្នូ ឆ្នាំ២០១៩ ពាក់ព័ន្ធរឿងក្តីចោទប្រកាន់ពីអំពើប្រល័យពូជសាសន៍ ដោយអាជ្ញាធរមីយ៉ាន់ម៉ា លើជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា (Rohingya)

យ៉ាងណាមិញ ខណៈដែលពេលនេះ លោកស្រី ស៊ូជី កំពុងស្ថិតក្នុងការឃុំឃាំងនៅក្នុងលំនៅឋាន ដើម្បីរង់ចាំការកាត់ក្តីដោយតុលាការយោធាលើបទចោទប្រកាន់ជាច្រើនករណីនោះ នៅថ្ងៃចន្ទនេះ របបយោធាមីយ៉ាន់ម៉ាបានប្រកាសថាខ្លួនកំពុងរៀបចំដើរតួជំនួសលោកស្រី ស៊ូជី ក្នុងការតតាំងការចោទប្រកាន់ខាងលើ ហើយរបបយោធាមីយ៉ាន់ម៉ាត្រូវបានគេរំពឹងនឹងសម្តែងការប្រឆាំងចំពោះចំណាត់ការនានារបស់តុលាការអន្តរជាតិ ICJ ហើយក៏នឹងអះអាងផងដែរថា តុលាការអន្តរជាតិមួយនេះ គ្មានយុត្ថាធិការលើរឿងក្តីនេះឡើយ។

សូមបញ្ជាក់ជូនថា តាមការចុះផ្សាយដោយសារព័ត៌មានក្នុងស្រុករបស់មីយ៉ាន់ម៉ា បានឲ្យដឹងថា តំណាងថ្មីរបស់រដ្ឋាភិបាយោធា សម្រាប់ការតតាំងចំពោះមុខតុលាការ ICJ នឹងត្រូវដឹកនាំដោយលោក កូ កូក ឡាំង (Ko Kok Hlaing) ដែលមានតួនាទីជារដ្ឋមន្ត្រីកិច្ចសហប្រតិបត្តិការអន្តរជាតិ និងលោកស្រី ធីតា អូ (Thida Oo) ជាអគ្គមេធាវី។

គួរឲ្យដឹងផងដែរថា ការតតាំងក្តីខាងលើនេះ នឹងត្រូវធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូអនឡាញ ហើយមន្ត្រីជាន់ខ្ពស់ទាំងពីររូបរបស់មីយ៉ាន់ម៉ាខាងលើ គឺសុទ្ធតែមានឈ្មោះក្នុងបញ្ជីដាក់ទណ្ឌកម្មរបស់ប្រទេសមួយចំនួនរួចជាស្រេចទៅហើយ៕

ប្រភព៖ AFP, FN