ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

បើកម៉ូតូបុកបង្គោលសញ្ញាចរាចរស្លាប់ម្នាក់ ម្នាក់ទៀតរងរបួស

បន្ទាយមានជ័យ ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតរងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍​បង្កដោយខ្លួនឯង បើកម៉ូតូបុកបង្គោលសញ្ញាចរាចរណ៍ នៅលើកំណាត់ផ្លូវជាតិលេខ៥៦A ត្រង់ចំណុចទល់មុខអនុវិទ្យាល័យតាបែនក្នុងភូមិគោករកា ឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង០៧យប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ ។

នគរបាលស្រុកស្វាយចេក បានឲ្យដឹងថា​ ៖ ជនរងគ្រោះដែលស្លាប់ឈ្មោះ ខន អាយុ៣១ឆ្នាំ រស់នៅភូមិឬស្សី ឃុំឈ្នួរ ស្រុកព្រះ​នេត្រព្រះ ខេត្តបន្ទាយមានជ័យ អ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿងម៉ាកហុងដាឌ្រីមពណ៍ស្លាបកំផែមសេរីឆ្នាំ២០០៣ គ្មានផ្លាកលេខ និងអ្នករួមដំណើរឈ្មោះ ចយ ខី ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិគោកព្រិចត្បួង ឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

នគរបាលបានបញ្ជាក់ថា ៖ នៅមុនពេលកើតហេតុ អ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉ក បានធ្វើដំណើរពីទិសខាងជើងទៅត្បូងក្នុងស្ថានភាពស្រវឹង បើកលឿននិងចាំងភ្លើងឡានបញ្ច្រាសទិសពេលមកដល់ចំណុច​កើតហេតុបានរេចង្កូតបុកជាមួយបង្គោលសញ្ញាចរាចរណ៍ បណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់នៅនឹង​កន្លែង ចំណែកអ្នករួមដំណើររងរបួសបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកស្វាយចេក ។សពបានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី បន្ទាប់ពីនគរបាលបានពិនិត្យរួច ៕