ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

តំណាងលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ ប្រគល់ថវិកាឧបត្ថម្ភ គោលនយោបាយ ជូនដល់មន្ត្រីនគរបាលចូលនិវត្តន៍ និងមន្ត្រីនគរបាលពលីមរណៈ

ខេត្តកំពង់ធំ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១០ រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី  ២៧ ខែ មករា ឆ្នាំ ២០២២ លោកឧត្តមសេនីយ៍ត្រី អ៉ិត គឹមស្រ៊ន ស្នងការរងផែនការងារភស្ដុភារ និងហិរញ្ញវត្ថុ តំណាងលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត និងជាប្រធានគណ:កម្មាធិការមូលដ្ឋាន បានអញ្ជើញសំណេះសំណាលប្រគល់ថវិកាឧបត្ថម្ភ គោលនយោបាយ ជូនដល់មន្ត្រីនគរបាលចូលនិវត្តន៍ និងមន្ត្រីនគរបាលពលីមរណៈ នៅអង្គភាពស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ

ឆ្លៀតក្នុងឱកាសនោះដែរ លោកស្នងការរង បានពាំនាំប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិលោកឧត្តមសេនីយ៍ទោស្នងការ ជានិច្ចកាលថ្នាក់ដឹកនាំ តែងតែយកចិត្តទុកដាក់ អំពីសុខទុក្ខ សុខុម៉ាលភាពការប្រកបមុខរបរចិញ្ចឹមជីវិតជាប្រចាំថ្ងៃរបស់បងប្អូន

លោកបានចូលរួមរំលែកទុក្ខ ដោយមានការសោកស្ដាយចំពោះ មរណភាព ស្វាមី ភរិយារបស់បងប្អូន គ្រប់ពេលវេលាថ្នាក់ដឹកនាំ បានយកចិត្តទុកដាក់ ដឹងពីគុណបំណាច់ ពលិកម្ម ការពារជាតិមាតុភូមិ  ធ្វើឱ្យប្រទេសជាតិ ទទួលបានសន្តិភាពពេញលេញ នាពេលបច្ចុប្បន្ន

ថ្ងៃនេះ ស្នងការដ្ឋាននគរបាលខេត្ត បានបើកថវិកាឧបត្ថម្ភ គោលនយោបាយជូន៖

.មន្ត្រីនគរបាលចូលនិវត្តន៍ ២៩ នាក់,

.មន្ត្រីពលីមរណៈ              ០៣ នាក់,

.ថវិកា សមាគមមិត្ត         ០៥ នាក់,

សរុបថវិកាចំនួន ៣២០,៣៥៧,៥០០ រៀលគត់

ទន្ទឹមការសាកសួរសុខទុក្ខ លោក បានណែនាំ ដល់បងប្អូន សូមបន្តយកចិត្តដាក់ចូលរួមអនុវត្តនូវវិធានការនានា របស់រាជរដ្ឋាភិបាល ក៏ដូចជាចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល ស្ដីពី វិធានការ បង្ការ ទប់ស្កាត់ ការរីករាលដាល១នៃជម្ងឺកូវីដ១៩

ជាចុងបញ្ចប់លោក បានផ្ដាំផ្ញើ បើបងប្អូន ប្រជួបប្រទះ ទុក្ខកង្វល់ បញ្ហាប្រឈម សូមបងប្អូន ទំនាក់ទំនងមកថ្នាក់ដឹកនាំ និងអង្គភាព ដើម្បីលោក មានមូលដ្ឋានអន្តរាគមន៍ ដោះស្រាយជូនបងប្អូន បានទាន់ពេលវេលា