ព័ត៌មានក្នុងប្រទេស

រដ្ឋបាលខេត្តស្វាយរៀង បានអញ្ជើញទទួលយកអំណោយពីតំណាងក្រុមហ៊ុននានាក្នុងខេត្តស្វាយរៀង

ខេត្ត​ស្វាយរៀង​៖​ នាព្រឹកថ្ងៃសុក្រ ៤រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២២នេះ នៅសាលប្រជុំរំដួល អគារ ក សាលាខេត្ត ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ដោយមានការចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត បានអញ្ជើញទទួលយកអំណោយពីតំណាងក្រុមហ៊ុននានាក្នុងខេត្តរួមមាន តំណាងតំបន់សេដ្ឋកិច្ចពិសេសតាយសេង តំណាងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន និងតំណាងតំបន់សេដ្ឋកិច្ចពិសេសហ្គីហ្គារីសស៍ ដែលបានឧបត្ថម្ភថវិកាដល់រដ្ឋបាលខេត្តសម្រាប់ទិញម៉ូតូ ជូនសិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទទួលបាននិទ្ទេសA ចំនួន ២៦នាក់ មកពីវិទ្យាល័យនានាក្នុងខេត្តស្វាយស្វាយរៀង។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានសម្តែងនូវការអរគុណចំពោះក្រុមហ៊ុន ទាំងអស់ដែលកន្លងមកតែងតែចូលរួមឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តទៅតាមការអំពាវនាវជាបន្តបន្ទាប់ ជាក់ស្តែងដូចជាការចូលរួមឧបត្ថម្ភគាំទ្រដល់សិស្សជាប់និទ្ទេសA ដែលប្រលងជាប់នាពេលថ្មីៗនេះជាដើម។ ក្នុងនាមរដ្ឋបាលខេត្ត សូមប្រសិទ្ធពរបវរមហាប្រសើរជូនដល់សប្បុរសជនទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕